ឡូសអ៊ែនជីឡេស ៖ ក្រុមអ្នកពន្លត់អគ្គីភ័យ បានបន្តធ្វើការពេញមួយយប់ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ នៅក្នុងទីក្រុងឡូសអ៊ែនជីឡេស ដែលបានកើតឡើង ជាលក្ខណៈទ្រង់ទ្រាយដ៏ធំ ដោយមានការព្រមានពីខ្យល់បោកបក់ខ្លំាង ដែលអាចបង្កជា “គ្រោះថ្នាក់ធ្ងន់ធ្ងរ” ចាប់ពីថ្ងៃពុធនេះ ។
ក្រុមសេវាអាកាសធាតុជាតិ សហរដ្ឋអាមេរិក ហៅកាត់ថា (NWS) បានបញ្ជាក់ឲ្យដឹង កាលពីថ្ងៃអង្គារថា ស្ថានភាពអាកាសធាតុធ្ងន់ធ្ងរ ចំពោះភ្លើងឆេះព្រៃ កាន់តែខ្លាំង នឹងបន្តកើតមានឡើង សម្រាប់តំបន់ឆ្នេរភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រញ៉ា រួមទាំងតំបន់ភ្លើងឆេះព្រៃ នៅក្នុងតំបន់ឡូសអ៊ែនជីឡេស ផងដែរ ។
យោងតាមក្រុម NWS បានធ្វើការព្រមានអំពីស្ថានភាព “គ្រោះថ្នាក់ធ្ងន់ធ្ងរ” បានចូលជាធរមាននៅថ្ងៃអង្គារ ហើយនឹងបន្តរហូតដល់ថ្ងៃត្រង់ថ្ងៃពុធនេះ សម្រាប់តំបន់ ឡូសអ៊ែនជីឡេស និងតំបន់ Ventura ដោយសារតែកម្លាំងខ្យល់ Santa Ana កម្រិតពីមធ្យមទៅខ្លាំងនៅក្នុងតំបន់ ។
ក្រុម NWS បានបញ្ជាក់ថា “ដោយពិចារណាលើស្ថានភាពស្ងួតខ្លាំងនៃឥន្ធនៈ ឥរិយាបទភ្លើងនាពេលថ្មីៗនេះ និងភាពខ្លាំងនៃកម្លាំងខ្យល់បក់ នេះគឺជាស្ថានភាពគ្រោះថ្នាក់បំផុត ។ មានហានិភ័យខ្ពស់ សម្រាប់ភ្លើងឆេះកាន់តែខ្លាំង ការរីករាលដាលយ៉ាងឆាប់រហ័ស និងមើលឃើញ នៅរយៈចម្ងាយឆ្ងាយ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា