ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ ក្តីសង្ឃឹមរបស់ទំនាក់ទំនង រវាងចិននិងអាមេរិក ស្ថិតនៅលើប្រជាជន

ប៉ុន្មានថ្ងៃកន្លងទៅនេះ កម្មវិធីAPP របស់ចិនឈ្មោះ កូនសៀវភៅក្រហម (RedNote) កំពុងទទួលប្រជាប្រិយភាពខ្លាំង នៅអាមេរិក ។

ក្នុងតារាងទាញយកកម្មវិធីAPP ឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Apple នៅក្នុងតំបន់អាមេរិកខាងជើង កម្មវិធីAPP បណ្ដាញសង្គមរបស់ចិននេះ បានឡើងកាន់លំដាប់ថ្នាក់ទីមួយ ។ ទិន្នន័យបានបង្ហាញថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមករា នៅអាមេរិក ចំនួនទាញយកកម្មវិធីAPP កូនសៀវភៅក្រហម បានកើនឡើង២០ដង បើប្រៀបធៀប នឹងរយៈពេល៧ថ្ងៃមុន ហើយបានកើនឡើង លើសពី៣០ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ។ អ្នកលេងអ៊ីនធឺណេត របស់អាមេរិក បានផ្លាស់ប្តូរមតិយោបល់ ជាមួយអ្នកលេងអ៊ីនធឺណេតចិន យ៉ាងសប្បាយរីករាយ ចាប់ពីការបង្ហោះសត្វចិញ្ចឹម និយាយពីការស្លៀកពាក់ រហូតដល់ចែករំលែកអាហារឆ្ងាញ់ៗ ជាដើម។

ហេតុអ្វីបានជាកម្មវិធី APP កូនសៀវភៅក្រហម ទទួលបានប្រជាប្រិយភាព នៅអាមេរិក ? មូលហេតុផ្ទាល់ គឺអនុលោមតាមគោល នយោបាយ របស់អាមេរិកដែលថា បើមិនព្រមលក់មានតែហាមឃាត់ កម្មវិធី TikTok ដែលជាកម្មវិធីប្រើប្រាស់នៅបរទេសរបស់កម្មវិធី Douyin ប្រហែលនឹងត្រូវបិទមិនឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១៩ ខែមករានេះតទៅ ដូច្នេះ អ្នកលេងអ៊ីនធឺណេតរបស់អាមេរិកដែលចូលចិត្តប្រើកម្មវិធីនេះ បាននាំគ្នាងាក ទៅប្រើកម្មវិធី APP កូនសៀវភៅក្រហមវិញ ព្រមទាំងហៅខ្លួនឯងថាជាជនភៀសខ្លួនTikTok ។ ដោយឡែក ខ្លឹមសារនិង ប្រធានបទ ក្នុងកម្មវិធីAPP កូនសៀវភៅក្រហមដែលគួរឱ្យចាប់អារម្មណ៍និងប្លែកៗ ធ្វើឱ្យអ្នកលេងអ៊ីនធឺណេត របស់អាមេរិកចាប់អារម្មណ៍យ៉ាងខ្លាំង ។ មានមនុស្សបានបញ្ចេញមតិថា មិនយល់សោះហេតុអ្វីបានជារដ្ឋាភិបាលអាមេរិកស្រែកថា កម្មវិធី TikTok បានគំរាមកំហែងដល់សន្តិសុខជាតិ ហើយរំពឹងទុកថា កម្មវិធីAPP កូនសៀវភៅក្រហម អាចក្លាយជាកម្មវិធីមួយសម្រាប់ធ្វើការផ្លាស់ប្តូរវប្បធម៌ ។
កម្មវិធីAPP កូនសៀវភៅក្រហម បានផ្ទុះល្បី នៅក្នុងអាមេរិក ប្រការនេះបានបង្ហាញឱ្យឃើញថា ប្រជាជននៃប្រទេសទាំងពីរចិន និងអាមេរិកសង្ឃឹមថា អាចយល់ដឹងពីគ្នាទៅវិញទៅមក និងធ្វើកាផ្លាស់ប្តូរ គ្នាទៅវិញទៅមក ។ មិនថាអ្នកនយោបាយអាមេរិកមួយចំនួន ទប់ស្កាត់ការអភិវឌ្ឍរបស់ចិន និង លាបពណ៌ មកលើប្រទេសចិន យ៉ាងណាទេ ប៉ុន្តែបំណងឆន្ទៈក្នុងសង្គមស៊ីវិល ដែលចង់ធ្វើការប្រាស្រ័យ ទាក់ទងក៏មិនអាចកាត់ផ្ដាច់បានឡើយ ។

ប៉ុន្មានឆ្នាំកន្លងមក ការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជននៃប្រទេសចិននិងអាមេរិក បានជួប “ចរន្តត្រជាក់” ។ ជនអាមេរិកមួយចំនួនបានព្រួយ បារម្ភកាន់តែខ្លាំងឡើងចំពោះការអភិវឌ្ឍរបស់ចិន ហើយចាត់ទុកប្រទេសចិនជា “ដៃគូប្រជែងយុទ្ធសាស្ត្រដ៏ធំបំផុត”ដោយខុសឆ្គង ។ ពីការឃោសនាបំប៉ោង “ផ្តាច់ទំនាក់ទំនង” ដល់ការបង្កើត របាំង ក្រោមការញុះញង់បង្ករឿង ពួកគេបានប្រែក្លាយការទប់ស្កាត់ប្រទេសចិនទៅជាអ្វីដែលហៅថា “ភាពត្រឹមត្រូវខាងនយោបាយ” ក្នុងឆាកនយោបាយអាមេរិក ។

កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងពេល កិច្ចប្រជុំកំពូល រវាងប្រមុខរដ្ឋចិននិងអាមេរិកនៅក្រុងលីម៉ា លោកXi Jinping ប្រធានរដ្ឋចិន បានបូកសរុប បទពិសោធន៍៧ ចំណុច នៃការអភិវឌ្ឍទំនាក់ទំនងរវាងចិន និងអាមេរិកក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្នុងនោះក៏បូករួមទាំង ចិននិងអាមេរិកគួរ តែធ្វើកិច្ចសន្ទនា និងកិច្ចសហប្រតិបតិ្តការ ឱ្យបានច្រើន គួរតែឆ្លើយតបនឹងក្តីបំណងរបស់ប្រជាជន បង្កើតនូវធ្នឹមស្ពានសម្រាប់ ឱ្យប្រជាជននៃប្រទេសទាំងពីរធ្វើការប្រាស្រ័យ ទាក់ទងនិងធ្វើការផ្លាស់ប្តូរ ។
បច្ចុប្បន្ននេះ ក្រោមកិច្ចខិតខំប្រឹង ប្រែង រួមរវាងចិននិងអាមេរិក ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការ រវាងប្រទេសទាំងពីរលើវិស័យ មួយចំនួនបានកើនឡើងវិញយ៉ាងនឹងនរ ។
យោងតាមការដែលប្រទេសចិន ដាក់ចេញជាបន្តបន្ទាប់នូវវិធានការ កិច្ចសម្រួលសម្រាប់ឱ្យជនបរទេសចូលដែន ពាក្យ “ធ្វើទេសចរនៅចិន” បានក្លាយជាពាក្យពេញនិយមអន្តរជាតិ បុគ្គលល្បីៗតាមអ៊ីនធឺណេតរបស់អាមេរិកជាច្រើនបាននាំគ្នាទៅដើរលេងនៅប្រទេសចិន ។ “ខ្ញុំបានឃើញប្រទេសចិន ដែលមានភាពទំនើប អស្ចារ្យនិងរស់រវើក” “ស្ថានភាពនៅចិនខុស ពីការផ្សាយដំណឹង របស់ប្រព័ន្ធសារព័ត៌មាន លោកខាងលិចទាំងស្រុង” ។ល។ ពួកគេបានចែករំលែកម្ហូបឆ្ងាញ់ៗ ទេសភាពស្អាតៗ ការមើលឃើញ និងការដឹងឮគួរឱ្យចាប់អារម្មណ៍របស់ពួកគេ ជាមួយប្រជាជនអាមេរិក រហូតដល់ប្រជាជនពិភពលោក ធ្វើឱ្យពិភពលោកអាចមើលឃើញពីប្រទេសចិនដ៏ពិតប្រាកដ ។

“ក្តីសង្ឃឹមរបស់ ទំនាក់ទំនង រវាងចិននិងអាមេរិកពឹងលើប្រជាជន មូលដ្ឋានស្ថិតនៅក្នុងសង្គមស៊ីវិល អនាគតពឹងលើយុវជន មានភាពរស់រវើក ស្ថិតនៅក្នុងតំបន់ ។” រំលឹកឡើងវិញពី កាលពីមុន គឺការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននេះឯង ធ្វើឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកបានឆ្លងផុតសភាព ជាប់គាំង និងវិលទៅរកផ្លូវត្រឹមត្រូវម្តងហើយម្តងទៀត ។ បច្ចុប្បន្ននេះ ប្រជាជននៃប្រទេសទាំងពីរបានបង្ហាញ ឱ្យឃើញយ៉ាងច្បាស់ជាថ្មីម្តងទៀតតាមរយៈប្រតិបតិ្តការជាក់ស្តែងថា ទ្វារនៃទំនាក់ទំនងរវាងចិននិងអាមេរិកត្រូវបានបើកដោយប្រជាជន ដរាបណាដែលទ្វារនេះបើកហើយ ដរាបនោះក៏លែងបិទជិតទៀតដែរ៕

To Top