ភ្នំពេញ៖ នៅមន្ទីរពេទ្យព្រះកេតុមាលាបានរៀបចំពិធីបំពាក់មេដាយសហមេត្រីថ្នាក់សេនា ថ្នាក់រអស្សរិទ្ធ និងជូនបណ្ណសរសើរដល់ក្រុមវេជ្ជបណ្ឌិតឯកទេស នៃកងទ័ពរំដោះប្រជាជនចិនចំនួន ៤រូប នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក សុខ វណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកវរសេនីយ៍ឯកពិសេស សឹង តាជី ប្រធានអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិតិន ។ ព្រមទាំងមានការអញ្ជើញចូលរួមពី តំណាងអគ្គនាយកដ្ឋាន នាយកដ្ឋានក្នុងក្រសួងការពារជាតិ និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។
នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក សុខ វណ្ណារ៉ា អគ្គនាយករង នៃអគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិបានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះក្រុមគ្រួពេទ្យឯកទេសចិន ជាពិសេសចំពោះទំនាក់ទំនងកម្ពុជាចិន នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ តាមរយៈជំនួយរបស់កងទ័ពរំដោះប្រជាជនចិន រួមមានទាំងអគារ សម្ភារៈបរិក្ខាពេទ្យទំនើបៗ និងការបង្រៀនពីបច្ចេកទេសជំនាញៗដល់ក្រុមវេជ្ជបណ្ឌិតកម្ពុជាបានធ្វើឱ្យ មន្ទីរពេទ្យព្រះកេតុមាលា បានប្រែបមុខមាត់ និងមានសម្ថភាពភាពខ្ពស់ក្នុងការព្យាបាលពិនិត្យ និងវះកាត់ដល់អ្នកជំងឺកាន់តែមានប្រសិទ្ធភាព។
ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយករង និងជានាយកមន្ទីរពេទ្យព្រះ កេតុមាលាបានមានប្រសាសន៍ថា ការបំពាក់មេដាយ សហមេត្រីថ្នាក់សេនា ថ្នាក់រអស្សរិទ្ធ និងជូនបណ្ណសរសើរជូនដល់ក្រុមគ្រួពេទ្យជំនាញនៃប្រទេសចិននេះ បន្ទាប់ពីពួកគាត់បាន បំពេញបេសកកម្មជួយបង្ហាត់ បង្រៀន នូវមុខជំនាញផ្សេងៗដល់វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យរបស់យើង ហើយត្រូវបានបញ្ចប់បេសកកម្មវិលត្រឡប់ទៅប្រទេសខ្លួនវិញ។ «យើងបំពាក់មេដាយ និងប័ណ្ណសរសើរដល់គាត់នេះ គឺគាត់មានគុណបំណាច់ធំធេង ក្នុងការជួយដល់មន្ទីរពេទ្យកេតុមាលានេះ ។ ពីដើមពេទ្យយោធយើងនៅស្រពិចស្រពិល មិនមានមុខមាត់អ្វីធំដុំទេ ព្រោះយើងខ្វះខាតធនធានមនុស្ស ប្រភពទៅរៀនសូត្រ ។ តែពេលនេះ ប្រទេសចិនបានផ្តល់គ្រូមកបង្រៀនដល់កន្លែង និងបញ្ចូនក្រុមវេជ្ជបណ្ឌិតយើងទៅទស្សនកិច្ចនៅប្រទេសចិនរយៈពេលខ្លី ព្រោះឱ្យមន្ទីរពេទ្យយោធាយើងមានទំនុកចិត្តក្នុងការព្យាបាលវះកាត់ខួរក្បាល គឺសឹងតែយើងអាចនិយាយបានថា មន្ទីរពេទ្យកេតុមាលានេះជាពេទ្យលេខមួយតែម្តងខាងវះកាត់ខួរក្បាល។»
លោក វរសេនីយ៍ឯកពិសេស សឹង តាជី ប្រធានអនុព័ន្ធយោធា នៃសាធារណរដ្ឋប្រជាមានិចិនបានមានប្រសាសន៍ថា កងទ័ពកម្ពុជា និងចិនបានសហការគ្នាបានយ៉ាងល្អលើវិស័យសុខាភិបាលនេះ ជាពិសេសមន្ទីរពេទ្យព្រះកេតុមាលានេះ កំពុងបោះជំហានទៅមុខទាំងបច្ចេកទេស និងសម្ភារៈបរិក្ខាពេទ្យ។ ដោយគិតមកដល់ឆ្នាំ២០២៥នេះ គឺមានរយៈពេល២០ឆ្នាំហើយដែលប្រទេសចិនបានបញ្ជូនក្រុមគ្រូពេទ្យឯកទេសមកបង្រៀន និងជួយព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលានេះ។
លោកសាស្ត្រាចារ្យរងវេជ្ជបណ្ឌិត ស៊ី ថាវ (Xu Teo) ប្រធានក្រុមទី១៩ និងសហការី អ្នកឯក ទេសសកលវិទ្យាល័យសុខាភិបាលជើងទឹក នៃកងទ័ពរំដោះប្រជាជនចិនបានអរគុណដល់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជា និងថ្នាក់ដឹកនាំមន្ទីរពេទ្យព្រះកេតុមាលាដែលបានផ្តល់មេដាយ និងប័ណ្ណសរសើរ ដល់ក្រុមគ្រូពេទ្យរបស់លោកហើយបានសហការល្អនាពេលកន្លងមក។
លោកបានវាយតម្លៃថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ មន្ទីរពេទ្យព្រះកេតុមាលាមានការរីកចម្រើនយ៉ាងលឿន ជាពិសេសផ្នែកប្រព័ន្ធប្រសាទ ផ្នែកអន្តរាគមន៍រូបភាពវេជ្ជសាស្រ្ត និងការវះកាត់ឆ្អឹង។
សូមបញ្ជាក់ថា គ្រូពេទ្យឯកទេសចិនដែលទទួលបានមេដាយ សហមេត្រីថ្នាក់សេនា ថ្នាក់រអស្សរិទ្ធ និង បណ្ណសរសើរនេះ រួមមាន៖ ១. លោក ស៊ូ ថារី (Ku Tao) សាស្ត្រាចារ្យវេជ្ជបណ្ឌិត ឯកទេសវះកាត់សរសៃប្រសាទ២. លោក ខឹង សែវឈាម (Meng Xiao ) វេជ្ជបណ្ឌិត ឯកទេសអន្តរាគមន៍វិទ្យុសាស្ត្រ ៣. លោក លីន ថាវ (Lin Tao) វេជ្ជបណ្ឌិត ឯកទេសឆ្អឹង និង៤. លោក ស៊ុន ឌី (Sun ke) វេជ្ជបណ្ឌិត ឯកទេសរូបភាពវេជ្ជសាស្ត្រ៕