រសៀលថ្ងៃទី ២១ ខែ មករា លោក Xi Jinping ប្រធានរដ្ឋចិននិងលោក ភូទីន ប្រធានាធិបតីរុស្ស៊ី បានជួបសន្ទនា តាមប្រព័ន្ធវីដេអូ ។
ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា ក្នុងឆ្នាំថ្មី ខ្ញុំរីករាយធ្វើការ ជាមួយលោកប្រធានាធិបតី ភូទីន ដើម្បីបន្តជំរុញឱ្យទំនាក់ទំនង រវាងចិន និងរុស្ស៊ី ឡើងដល់កម្រិតកាន់តែខ្ពស់ រួមគ្នាជំរុញការអភិវឌ្ឍ និងវិបុលភាព របស់ប្រទេសទាំងពីរ ក៏ដូចជាគាំពារ សមភាពនិងយុត្តិធម៌ ។ ឆ្នាំនេះ ជាខួបទី៨០ នៃថ្ងៃជ័យជម្នះ ក្នុងសង្គ្រាមប្រជាជនចិន ប្រឆាំងការឈ្លានពានរបស់ជប៉ុន និងថ្ងៃជ័យជម្នះ ក្នុងសង្រ្គាមការពារជាតិ ដ៏មហិមារបស់សូវៀត ក៏ដូចជាថ្ងៃ ជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសរបស់ពិភពលោក ហើយក៏ជាខួបទី៨០ នៃការបង្កើតអង្គការ សហប្រជាជាតិផងដែរ ។ ប្រទេសទាំងពីរចិន និងរុស្ស៊ី គួរតែចាត់ទុកការនេះ ជាឱកាសមួយ រួមគ្នាគាំពារប្រព័ន្ធអន្តរជាតិ ដែលមានអង្គការ សហប្រជាជាតិជាស្នូល និងគាំពារសមិទ្ធផល នៃជ័យជម្នះក្នុងសង្គ្រាម លោកលើកទីពីរ ក្នុងន័យជំរុញបណ្តាប្រទេសនានា ឱ្យគោរពធម្មនុញ្ញនិងគោលការណ៍របស់អង្គការសហប្រជាជាតិ និងអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ។
ជាការឆ្លើយតប លោក ភូទីន បានថ្លែងថា ជានិច្ចកាល រុស្ស៊ីនិងចិនតែងតែជឿទុកចិត្តគ្នា ផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមកប្រកបដោយសមភាព ។ កិច្ចសហប្រតិបតិ្តការទ្វេភាគី សមស្របនឹងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ហើយមិនដែលរងឥទ្ធិពល ពីបម្រែបម្រួលនៃស្ថានការណ៍ អន្តរជាតិនោះទេ ។ ភាគីរុស្ស៊ីប្រកាន់ខ្ជាប់យ៉ាងមុតមាំថា តៃវ៉ាន់គឺជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិនដែលមិនអាចកាត់ផ្តាច់បាន ប្រឆាំងយ៉ាងដាច់ ខាតចំពោះ “ឯករាជ្យភាពនៃតៃវ៉ាន់ ”ទោះតាមទម្រង់ណាក៏ដោយ ។ ឆ្នាំនេះ ប្រទេសយើងទាំងពីរនឹង រួមគ្នាអបអរសាទរយ៉ាង ឱឡារិកចំពោះខួបទី៨០ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសរបស់ពិភពលោក ដើម្បីគាំពារសមិទ្ធផល នៃសង្គ្រាមលោកលើកទីពីរ ។ ភាគីរុស្ស៊ីរីករាយបង្កើន កិច្ចសហប្រតិបតិ្តការ ជាមួយភាគីចិនក្នុងកិច្ចការពហុភាគី ដើម្បីដើរតួនាទីយ៉ាងសកម្ម ក្នុងបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់ពិភពលោក ៕