ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ នឹងបញ្ចៀសចរាចរគ្រប់ប្រភេទ​ បណ្តោះអាសន្ន ក្នុងពិធីសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤៥ របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៧:០០នាទី គណៈអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធីសន្និបាត គណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ដើម្បីឱ្យការប្រារព្ធពិធីសន្និបាតខាងលើ​ ប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) នៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

ជាមួយគ្នានេះ អាជ្ញាធរ ក៏បានស្នើសុំដល់ប្រជាពលរដ្ឋទាំងអស់ យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ តាមកាលបរិច្ឆេទដូចបានជម្រាបជូនដោយអនុគ្រោះ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ៕

To Top