ភ្នំពេញ ៖ ឧបករណ៍ ភ្លេងបុរាណខ្មែរ ត្រូវបានសហគមន៍ចាប៉ីអមតៈ យកដាក់តាំងបង្ហាញក្នុងឱកាសអបអរសាទរ បុណ្យចូលឆ្នាំចិន ដើម្បីជាការផ្លាស់ប្ដូរ វប្បធម៌ ផ្សព្វផ្សាយកាន់តែទូលំទូលាយ ដល់ប្រជាពលរដ្ឋទូទៅ និងជនបរទេស ជាពិសេសប្រជាជនចិន ។
លោក ពេជ្រ សារ៉ាត ប្រធានក្រុមសហគមន៍ចាប៉ីអមតៈ បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំង ជាមួយនឹងប្រជាពលរដ្ឋខ្មែរ ជាប់សែស្រឡាយចិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ជាពិសេសចំណងមិត្តភាព នៃប្រទេសយើងទាំងពីរ ។
លោកបានយកឧបករណ៍ភ្លេងបុរាណខ្មែរ យើងជាច្រើនប្រភេទដាក់តាំងបង្ហាញ នៅផ្សារទំនើបជីពប៉ុង២៧១មេកាម៉ល កាលពីពេលថ្មីៗនេះ ។
លោកបញ្ជាក់បែបនេះថា ៖ « ខ្ញុំបានលើកយកផលិតផល ក៏ដូចជាស្នាដៃ របស់ខ្មែរយើង ដែលបានផលិតយ៉ាងសម្រិត សម្រាំងពីជំនាន់មួយទៅជំនាន់មួយ ។ ឧបករណ៍ដែលតាំងបង្ហាញនេះ មានដូចជាចាប៉ីដែលជាសម្បត្តិវប្បធម៌ខ្មែរ មានស្គរដៃ ខ្លុយ មានឈឹង គង សៀវភៅដើម្បីរៀនចាប៉ីដងវែង។ ក្រៅពីនេះ ក៏មានឧបករណ៍អនុស្សាវរីយ៍ដែលផលិតដោយដៃកូនខ្មែរជាច្រើនទៀត ដើម្បីភ្ញៀវអាចទិញយកទៅដាក់តាំង លម្អផ្ទះផងដែរ។ »
សូមបញ្ជាក់ថា ភ្លេងបុរាណខ្មែរបានរក្សាទុកនៅនិរន្តរភាពរបស់ខ្លូនអាចឱ្យគេចងចាំតាមរយៈឧបករណ៍ ៤ ប្រភេទ ដែលគេប្រើខ្សែសម្រាប់ដេញ កេះ កូត និងឧបករណ៍សម្រាប់ផ្លុំ ឧបករណ៍សម្រាប់ វាយបង្កើតស្នូរ។ ឧបករណ៍ទាំងនោះមានដូចជា ស្គរ ឈឹង រនាត ទ្រ ទ្រសោ ទ្រអ៊ូ តាខេ ខ្លុយ ឃឹម ឆាប គង គែន ណៃ មួង ស្រឡៃ ចាប៉ី គងវង់តូច គងវង់ធំ ឃ្មោះ ប៉ាន់ ប៉ីអ ។ល។ ឧបករណ៍ប៉ុន្មានប្រភេទទាំងនេះហើយដែលធ្វើឱ្យ អន្តរជាតិស្គាល់ខ្មែរ តាមរយ:ឧបករណ៍ភ្លេងខ្មែរ ជាមួយ និងឧបករណ៍ដដែលនេះត្រូវបានយកមកបង្ហាញ ពីប្រពៃណីរបស់ ខ្លួនដែលប្រើក្នុងពិធីបែបសាសនា ដូចជាពិធីបុណ្យកឋិនទាន បុណ្យផ្កា បុណ្យចូលឆ្នាំថ្មី បុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ និងការសំដែងសិល្បៈសម័យជាដើម៕