ព័ត៌មានអន្តរជាតិ

អ្នកការទូតកំពូលជប៉ុន និងអាមេរិក ព្រមព្រៀងគ្នាលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ទៅកាន់កម្រិតថ្មីមួយទៀត

Kyodo

តូក្យូ៖ អ្នកការទូតកំពូលរបស់ជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នា ដើម្បីលើកកំពស់ទំនាក់ទំនងទ្វេភាគី ឱ្យឡើងខ្ពស់ថ្មីលើគ្រប់វិស័យ ហើយបន្តធ្វើការពហុភាគីជាមួយប្រទេស ដែលមានគំនិតដូចគ្នាដូចជាហ្វីលីពីន និងកូរ៉េខាងត្បូង មួយថ្ងៃបន្ទាប់ពីលោក ដូណាល់ ត្រាំ ត្រលប់មកសេតវិមានវិញ សម្រាប់អាណត្តិទីពីរមិនជាប់គ្នារបស់លោក។

បន្ទាប់ពីជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Marco Rubio នៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya បានប្រាប់អ្នកសារព័ត៌មានថា ពួកគេក៏បានយល់ព្រមបន្តការរៀបចំ សម្រាប់ជំនួបរវាងនាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងលោក ត្រាំ ក្នុងឆាប់ៗខាងមុខ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា កម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ក៏ដូចជាបញ្ហាទាក់ទងនឹងប្រទេសចិន ស្ថិតក្នុងចំណោមប្រធានបទរវាងលោក Iwaya និងលោក Rubio ដោយបន្ថែមថា ពួកគេបានបញ្ជាក់ពីការពង្រឹងបន្ថែមទៀត នៃសមត្ថភាពរារាំង និងការឆ្លើយតបរបស់សម្ព័ន្ធភាពជប៉ុន-អាមេរិក។

លោក Iwaya បានឲ្យដឹងថាលោកបានពន្យល់ទៅលោក Rubio ថាប្រទេសជប៉ុន បាននិងកំពុងបង្កើនការចំណាយលើ វិស័យការពារជាតិរបស់ខ្លួនយ៉ាងខ្លាំង។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា អ្នកទាំងពីរបានពិភាក្សាអំពីរបៀប ដែលប្រទេសរបស់ពួកគេអាចសហការ ដើម្បីប្រឆាំងនឹងការគំរាមកំហែង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងលើសពីនេះ រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រឆាំងនឹង សកម្មភាពអស្ថិរភាពរបស់ប្រទេសចិន។

លើសពីនេះលោក Rubio និងលោក Iwaya បានពិភាក្សាអំពីការគាំទ្ររបស់ចិន សម្រាប់មូលដ្ឋានឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី និងការតម្រឹមផ្នែកនយោបាយ និងសន្តិសុខរបស់ទីក្រុងព្យុងយ៉ាង ជាមួយទីក្រុងម៉ូស្គូ។ ក្រសួងជប៉ុនបានឲ្យដឹងថា ពួកគេក៏បានយល់ព្រមលើសារៈសំខាន់ នៃការដោះស្រាយបញ្ហាប្រឈមធំៗ ដែលកំពុងប្រឈមក្នុងតំបន់ជាមួយនឹងកិច្ចសហប្រតិបត្តិការ “ខ្នាតតូច” ដែលមានការចូលរួមពីប្រទេសចំនួនបី ឬបួន ដូចជាអូស្ត្រាលី ហ្វីលីពីន និងកូរ៉េខាងត្បូង ដែលមេដឹកនាំជំនាន់មុនរបស់លោក ត្រាំ គឺលោក ចូ បៃដិន មានគោលបំណងពង្រឹង ក្នុងអំឡុងពេលអាណត្តិរបស់លោក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top