ព័ត៌មានអន្តរជាតិ

សន្ទុះ នៃវិស័យទេសចរណ៍ចិន ក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិន នឹងជំរុញភាពធន់ និងកំណើនសេដ្ឋកិច្ច

ជារៀងរាល់ឆ្នាំ នៅពេលដែលពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិន ខិតជិតមកដល់ ប្រជាជននៅទូ​ទាំងប្រទេសចិន តែងធ្វើដំណើរត្រឡប់ ទៅស្រុកកំណើត ដើម្បីជួបជុំក្រុមគ្រួសារ ឬទស្សនា​ តំបន់កម្សាន្តនានា ​។ ការធ្វើដំណើររបស់ប្រជាជនចិន រាប់រយលាននាក់ ក្នុងអំឡុងពេលដ៏​មមារញឹកនេះ គឺជាការ ចល័តទី មនុស្សធំជាងគេបំផុត នៅលើពិភពលោក ដែលរួមចំណែក​យ៉ាងសំខាន់ ដល់ការបង្កើនការ ចំណាយក្នុងស្រុក។

តាមការប៉ាន់ស្មាន ការធ្វើដំណើរក្នុងស្រុកនាអំឡុងពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ ​មានចំនួនប្រមាណ ៩ពាន់លានដំណើរ កើនឡើង ៦% ធៀបនឹងឆ្នាំ២០២៤ ។ តួរលេខនេះ​មិនត្រឹមតែបង្ហាញពីឆន្ទៈ របស់ប្រជាជន ក្នុងការធ្វើដំណើរទេ ប៉ុន្តែក៏ឆ្លុះបញ្ចាំងពីភាពធន់ និង​ភាពរស់រវើក នៃការងើបឡើងវិញនូវវិស័យ ទេសចរណ៍ចិន បន្ទាប់ពីការរំខានជាច្រើនឆ្នាំ​ដោយសារជំងឺរាតត្បាតកូវីដ-១៩ ផងដែរ ។

ជាក់ស្តែង ក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន និងសណ្ឋាគារនានា បានទទួលការកក់ពីអតិថិជន ​ក្នុងកំណត់ត្រាមួយដ៏ខ្ពស់ ខណៈតំបន់ទេសចរណ៍នានា បានព្យាយាមពង្រឹងសេវាកម្ម និង ​ធ្វើពិពិធកម្មសកម្មភាពកម្សាន្តនានា សំដៅផ្តល់នូវបទពិសោធន៍ល្អៗ ដល់ភ្ញៀវទេសចរ នា​អំឡុងពិធីបុណ្យដ៏រីករាយនេះ។ ទាំងនេះបានបញ្ជូន សញ្ញាវិជ្ជមានដល់ការកើនឡើង នៃសកម្មភាពសេដ្ឋកិច្ច ក្នុងស្រុករបស់ចិន ។ ​
ក្រៅពីសន្ទុះ នៃទេសចរណ៍ក្នុងស្រុក ប្រទេសចិនក៏មើលឃើញពីនិន្នាការ នៃកំណើនទេសចរអន្តរជាតិ គួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសស្របពេល ដែលរដ្ឋាភិបាលចិន បានដាក់ចេញ នូវវិធានការបន្ធូរបន្ថយទិដ្ឋាការ ដែលរួមមានគោលនយោបាយឆ្លងកាត់ដោយគ្មានទិដ្ឋាការជាមួយប្រទេសចំនួន ៥៤ និងការអនុញ្ញាតដោយឯកតោភាគី ឱ្យប្រទេសចំនួន ៣៨ ធ្វើដំណើរទៅប្រទេសចិន ដោយមិនត្រូវការទិដ្ឋាការ ។ យោងតាមរបាយការណ៍របស់​រដ្ឋ​បាលអន្តោប្រវេសន៍ជាតិចិន ក្នុងរយៈពេល ១១ ខែ នៃឆ្នាំ២០២៤ ប្រទេសចិនបានទទួល​ភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ២៩,២២ លាននាក់ ក្នុងនោះមាន ១៧,៤៥ លាននាក់ចូល​ទៅកាន់ប្រទេសចិន ក្រោមគោលនយោបាយគ្មានទិដ្ឋាការ ។

ទន្ទឹមនឹងនេះ ចំណាត់ការរបស់រដ្ឋាភិបាលចិនក្នុងការពង្រីក រយៈពេលឆ្លងកាត់ដោយគ្មាន​ទិដ្ឋាការពី ៧២ និង ១៤៤ម៉ោង រហូតដល់ ២៤០ ម៉ោង (១០ថ្ងៃ) កាលពីពេលថ្មីៗនេះ នឹង​ចាក់បញ្ចូលនូវសន្ទុះថ្មីបន្ថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ។ ជាមួយនឹង​វិធានការនេះ ភ្ញៀវទេសចរអន្តរជាតិ នឹងមានឱកាស ទៅទស្សនាប្រទេសចិន ក្រោម​លក្ខខណ្ឌកាន់តែប្រសើរឡើង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ដើម្បីចូលរួមប្រារព្ធពិធី​នេះជាមួយនឹង ភាពកក់ក្តៅនៃបដិសណ្ឋារកិច្ចរបស់ប្រជាជនចិន និងទទួលយកបទ​ពិសោធន៍ថ្មីក្នុងការយល់ដឹងពីវប្បធម៌រាប់ពាន់ឆ្នាំរបស់ចិន ព្រមទាំងអាចទស្សនាតំបន់​កម្សាន្តដ៏សម្បូរបែបរបស់ចិន រួមមានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងស្ថាបត្យ​កម្មទំនើប ។

ក្នុងបរិបទនេះ រំហូរ នៃកំណើនទេសចរអន្តរជាតិទៅប្រទេសចិន នឹងនាំមកនូវកាលានុវត្ត​ភាពអភិវឌ្ឍន៍ថ្មីៗដល់ឧស្សាហកម្មទេសចរណ៍ចិន ដែលនឹងរួមចំណែក ដល់ការជំរុញនវានុ​វត្តន៍ និងការធ្វើពិពិធកម្មផលិតផលទេសចរណ៍ក្នុងស្រុក ព្រមទាំងលើកកម្ពស់ជីវភាពរស់​នៅរបស់ប្រជាជន នៅតាមមូលដ្ឋាន ដែលរកស៊ីទទួលទានដោយផ្ទាល់ និងប្រយោលក្នុង​វិស័យនេះ។

សរុបមក ការចល័តទីរបស់ប្រជាជនចិន និងរំហូរ នៃកំណើនទេសចរអន្តរជាតិ ក្នុងអំឡុង​ពេលដ៏មមារញឹក នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន នឹងក្លាយទៅជាកម្លាំងចលករដ៏សំខាន់​ក្នុងការជំរុញឡើងវិញនូវភាពរស់រវើកនៃវិស័យទេសចរណ៍ចិន ដែលនឹងចាក់បញ្ចូលនូវ​សន្ទុះថ្មីក្នុងការកសាងភាពធន់ និងបង្កើនកំណើនសេដ្ឋកិច្ចចិន ។ ​
ដោយលោក ហ៊ូ ចំរើន អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

To Top