ព័ត៌មានអន្តរជាតិ

ប្រធាន​ហិរញ្ញវត្ថុ​ជប៉ុន និង​អាមេរិក​ យល់​ព្រម​ពិគ្រោះ​យោបល់ ​យ៉ាង​ជិតស្និទ្ធ​លើ​ទីផ្សារ​ Forex

kyodo

តូក្យូ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក Katsunobu Kato បានឲ្យដឹង លោកបានយល់ព្រម ជាមួយរដ្ឋមន្ត្រី ក្រសួងរតនាគារ អាមេរិកថ្មីលោក Scott Bessent ថាពួកគេនឹងពិភាក្សាយ៉ាងជិត ស្និទ្ធជាមួយគ្នាលើការ ផ្លាស់ប្តូររូបិយប័ណ្ណបរទេស ប៉ុន្តែលោកបានបដិសេធមិន បញ្ជាក់លម្អិតនោះទេ។

កិច្ចព្រមព្រៀងនេះកើតឡើង នៅពេលដែលវិនិយោគិនវាយតម្លៃ ពីរបៀបដែលការសន្យា របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងប៉ះពាល់ដល់ទីផ្សាររូបិយប័ណ្ណ រួមទាំងថាតើការដំឡើងពន្ធ ដែលអាចកើតមានរបស់លោក នឹងជំរុញឱ្យប្រាក់ដុល្លារអាមេរិកកើនឡើង ចំពេលមានសម្ពាធអតិផរណាកើនឡើង នៅក្នុងសហរដ្ឋអាមេរិក ដោយថ្លឹងថ្លែងបន្ថែមទៀតលើប្រាក់ យ៉េនរបស់ជប៉ុន។

លោក Kato បានប្រាប់អ្នកសារព័ត៌មាន នៅក្រសួងរបស់លោក បន្ទាប់ពីកិច្ចពិភាក្សាតាមអ៊ីនធឺណិតរបស់លោក ថាលោកបានអរគុណលោ Bessent ដែលបានជ្រើសរើសលោក សម្រាប់កិច្ចប្រជុំនិម្មិតលើកដំបូងរបស់លោក ជាមួយសមភាគីអាមេរិក ចាប់តាំងពីចូលកាន់តំណែងកាលពីដើមសប្តាហ៍នេះក្រោមការដឹកនាំរបស់លោក ត្រាំ ដែលបានវិលត្រឡប់មកសេតវិមានវិញនៅថ្ងៃទី២០ ខែមករា។

លោក Kato បានលើកឡើងថា “សម្រាប់ការផ្លាស់ប្តូរបរទេស យើងបានបញ្ជាក់ថា យើងនឹងពិភាក្សាយ៉ាងជិតស្និទ្ធ ក្នុងនាមជារដ្ឋមន្ត្រី ដែលត្រួតពិនិត្យបញ្ហាសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួម” ដោយបន្ថែមថា ពួកគេបានបញ្ជាក់ជាថ្មីថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក នឹងសហការក្នុងការដោះស្រាយបញ្ហាប្រឈមសកល និងទ្វេភាគី។

ប្រាក់យ៉េននៅតែស្ថិតក្នុងនិន្នាការធ្លាក់ចុះធៀប នឹងប្រាក់ដុល្លារលើការរំពឹងទុកថា គម្លាតអត្រាការប្រាក់ រវាងប្រទេសទាំងពីរ ទំនងជាមិនរួមតូចខ្លាំងនោះទេ បើទោះបីជាធនាគារកណ្តាលជប៉ុន មានការរឹតបន្តឹងរូបិយវត្ថុបន្ថែម ដែលបានសម្រេចចិត្ត កាលពីចុងសប្តាហ៍មុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដុជប៉ុន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top