សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានចោទប្រកាន់ សហរដ្ឋអាមេរិកថា បានបង្កើនជំនួយអាវុធដល់សម្ព័ន្ធមិត្តនៅក្នុងអ្វីដែលខ្លួនហៅថា ការប៉ុនប៉ង ដើម្បីពង្រឹងឋានៈអនុត្តរភាព របស់ខ្លួន ដោយអះអាងថា ការផ្តល់អាវុធបែបនេះ នៅតែមិនគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះកូរ៉េខាងត្បូងពីការកង្វះយុទ្ធសាស្ត្រ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានធ្វើការចោទប្រកាន់នេះ បន្ទាប់ពីទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខ ការពារជាតិអាមេរិក បានប្រកាស កាលពីពេលថ្មីៗនេះ បានស្នើរលក់អាវុធទៅឱ្យកូរ៉េខាងត្បូង ដែលនឹងរួមបញ្ចូលគោលដៅ ពីលើអាកាស BQM-177A សម្រាប់នាវាពិឃាត បំពាក់ដោយ Aegis និងយន្តហោះដ្រូនគោលដៅ GQM-163 ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានឲ្យដឹង នៅក្នុងអត្ថាធិប្បាយមួយដោយសង្កត់ធ្ងន់ថា “សហរដ្ឋអាមេរិក ដែលជាអ្នកជំនួញសង្រ្គាម ដ៏ធំបំផុតរបស់ពិភពលោក កំពុងតែទទួលបានការងារធ្វើច្រើន ជាងពេលណាៗទាំងអស់ លើគម្រោងលក់អាវុធរបស់ខ្លួនទៅឱ្យប្រទេស ដែលធ្វើតាមសហរដ្ឋអាមេរិក ហើយការលក់ទៅឱ្យកូរ៉េខាងត្បូង កំពុងក្លាយជាការលក់ជាប់រហូត” ។
KCNA បានអះអាងថា ការផ្តល់អាវុធបែបនេះ ដល់កូរ៉េខាងត្បូងឆ្លុះបញ្ចាំងពីសហរដ្ឋអាមេរិក។ ព្យាយាមបំផ្លាញតុល្យភាពអំណាចក្នុងតំបន់ និងពង្រឹងស្ថានភាពអនុត្តរភាពរបស់ខ្លួន ។
ប្រភពបានឲ្យដឹងថា “គ្មានជំនួយសព្វាវុធពីសហរដ្ឋអាមេរិកណា ដែលអាចរំដោះកូរ៉េខាងត្បូង ពីជោគវាសនានៃកង្វះយុទ្ធសាស្ត្ររបស់ខ្លួននោះទេ សហរដ្ឋអាមេរិក នឹងមិនអាចសម្រេចមហិច្ឆតារបស់ខ្លួនបាននោះទេ ដោយសារអំណាចដ៏សុចរិតរបស់យើង”៕