បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីចេតនា របស់លោកក្នុងការតម្លើងពន្ធលើសហភាពអឺរ៉ុប ដោយលោកបានលើកឡើង ពីទង្វើអយុត្តិធម៌ក្នុងការអនុវត្តពាណិជ្ជកម្ម ។ ចេតនានេះធ្វើឡើងបន្ទាប់ពីការអនុវត្តពន្ធ ២៥ភាគរយ លើការនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា និង ១០ភាគរយ លើទំនិញរបស់ចិន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា សហភាពអ៊ឺរ៉ុបបាននឹងកំពុងរៀបចំ សម្រាប់ការរឹតបន្តឹងពាណិជ្ជកម្ម ដែលអាចកើតមាននៅក្រោមរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនខែ ។ លោក ត្រាំ បានគំរាមជាច្រើនដងក្នុងការដាក់ពន្ធលើអឺរ៉ុប លុះត្រាតែមានលក្ខខណ្ឌជាក់លាក់ ។ កាលពីខែធ្នូ លោក ត្រាំ បានទាមទារ ឱ្យទីក្រុងព្រុចសែល កាត់បន្ថយឱនភាពពាណិជ្ជកម្ម របស់ខ្លួនជាមួយ សហរដ្ឋអាមេរិក តាមរយៈការបង្កើនការទិញប្រេង និងឧស្ម័នរបស់អាមេរិក ។
លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅឯសេតវិមានកាលពីថ្ងៃសុក្រថា “តើខ្ញុំនឹងដាក់ពន្ធលើសហភាពអឺរ៉ុបទេ? អ្នកចង់បានចម្លើយពិត ឬខ្ញុំគួរផ្តល់ចម្លើយនយោបាយ?
នេះមិនមែនកើតឡើងដំបូងនៃភាពតានតឹង ពាណិជ្ជកម្មរវាងអាមេរិក និងសហភាពអឺរ៉ុប ក្រោមការគ្រប់គ្រង របស់លោក ត្រាំ ទេ ព្រោះក្នុងឆ្នាំ ២០១៨ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក លោក ដូណាល់ ត្រាំ បានដាក់ពន្ធ ២៥ភាគរយ លើដែកថែប និង ១០ភាគរយ លើការនាំចូលអាលុយមីញ៉ូមពីប្លុក ក៏ដូចជាកាណាដា និងម៉ិកស៊ិក ដោយលើកឡើង ពីកង្វល់សន្តិសុខជាតិ ។
ជាការឆ្លើយតប សហភាពអឺរ៉ុប បានអនុវត្តពន្ធសងសឹក លើផលិតផលអាមេរិក ដូចជាស្រាវីស្គី bourbon និងម៉ូតូ៕
ប្រែសម្រួលៈ ណៃ តុលា