ព័ត៌មានជាតិ

សម្តេចតេជោ ហៅស្រ្តីម្នាក់នៅក្រៅប្រទេស ដែលចង់កំចាត់ត្រកូលហ៊ុន មកស្រុកខ្មែរវិញ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសស្វាគមន៍ស្រ្តីខ្មែរម្នាក់ដែលនិរទេ្ទសខ្លួនឯង ទៅរស់នៅក្រៅប្រទេសហើយបាននិយាយក្បែងៗ តាមបណ្តាញសង្គមដែលចង់មកកំចាត់ត្រកូលហ៊ុន សូមអញ្ជើញមកស្រុកខ្មែរមក សម្តេចស្វាគមន៍ជានិច្ច ។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល នៅថ្ងៃ១១ កុម្ភៈដែលជាលើកដំបូងរបស់សម្តេច បានចេញវេទិកាជាសាធារណៈបានលើកឡើងជាច្រើន ពីសមិទ្ធផលដែលសម្តេចបានខិតខំកសាង ដើម្បីទុកជាប្រយោជន៍សម្រាប់ឲ្យពលរដ្ឋប្រើប្រាស់ ហើយថា បើសម្តេចនៅមានជីវិតដឹកនាំស្ថាប័នព្រឹទ្ធសភា គឺនៅតែបន្តដំណើរកសាងហេដ្ឋារចនាសម្ព័ន្ធនានា ទុកបន្តកូនចៅជំនាន់ក្រោយ ។

ភ្ជាប់ករណីនេះដែរសម្តេចតេជោគូសបញ្ជាក់ថា “បើមិនទាន់អស់ពួកអាជ្រុលនិយម ខ្ញុំអត់ទៅណាទេ ព្រោះពួកអានេះឃោឃៅណាស់ ហើយបើមីនាងមួយនោះ ច្រេតៗ… យើងមានប្រជាជន២៥ខេត្តក្រុង មកដេញអាត្រកូលហ៊ុនចេញ ឱនាងអើយនាង បើខ្លាំងមកមក តើគេមកគាំទ្ររដ្ឋាភិបាលគាំទ្រគណបក្សប្រជាជន គាំទ្រហ៊ុន សែន ហ៊ុន ម៉ាណែត ឬគេមកផ្តួល សូមអញ្ជើញមក កុំស្រែកពីក្រៅប្រទេសមកញែតៗចឹងអាក្រក់ស្តាប់ណាស់ មីនាងអើយ”។

សម្តេចតេជោក៏បានប្រកាសដែរថា ចំពោះសំឡេងស្រ្តីម្នាក់នោះដែល និយាយពីការកំចាត់ត្រកូលហ៊ុន សម្តេចបានរក្សាទុកនៅក្នុងទូរស័ព្ទដៃជានិច្ច ដោយមិនពិបាករកនោះទេ៕

To Top