ភ្នំពេញ ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ នៅរសៀលថ្ងៃ១១ កុម្ភៈបានចេញញត្តិថ្កោលទោស ចំពោះក្រុមប្រឆាំង នៅក្រៅប្រទេស ចំពោះការរៀបចំគម្រោងផែនការ វាយប្រហារដោយដ្រូន ទៅលើភូមិគ្រឹះនៅតាខ្មៅ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ។
គណបក្សមហាសាមគ្គីជាតិខ្មែរ បានមើលឃើញថា គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ង សម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជាឲ្យធ្លាក់ទៅក្នុងភាពវឹកវរ សង្គមសង្គ្រាមសាជាថ្មី។
ជាមួយគ្នានេះ គណបក្សមហាសាមគ្គីជាតិខ្មែរ ធ្វើការថ្កោលទោស និងសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ពន្លឿនក្នុង ការតាក់តែងច្បាប់ភេរវកម្ម ដាក់ក្រុមប្រឆាំងជ្រុលនិយមឧទ្ទាមក្រៅច្បាប់ ទៅជាក្រុមភេរវករ ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់ជាធរមាន ។
សូមបញ្ជាក់ថា សម្តេចតេជោ នៅព្រឹកថ្ងៃ១១ កុម្ភៈ បានបង្ហើបថា មានផែនការ របស់ក្រុមភេវរកដែលបានរៀបចំគម្រោង ប្រើប្រាស់យន្តហោះគ្មាន មនុស្សបើកបញ្ជាពីចម្ងាយ (Drone) ចង់ធ្វើឃាតសម្តេចតេជោ នៅភូមិគ្រឹះនាក្រុងតាខ្មៅ ដោយផែនការនេះ ត្រូវបានទប់ស្កាត់ និងកម្ទេចចោលទាំងស្រុង ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)