ភ្នំពេញ៖ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានឱ្យដឹងថា រូបលោកប្រឆាំងដាច់ខាត នូវការធ្វើនយោបាយហិង្សាជ្រុលនិយម បំផ្លិចបំផ្លាញបំបែកបំបាក់ខ្មែរនិងខ្មែរ បង្កើតឱ្យមានសតិអារម្មណ៍ ភ័យខ្លាចព្រួយបារម្ភ ដល់ប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោត។ នេះបើយោងតាមសំណេររបស់លោក មាជ សុវណ្ណារ៉ា នៅលើគណនីហ្វេសប៊ុក នៅរាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
បើតាមគណនីហ្វេសប៊ុកដដែល លោក មាជ សុវណ្ណារ៉ា ក៏បានឱ្យដឹងថា សារខាងលើនេះ លោកក៏បានបញ្ជាក់ប្រាប់ទៅកាន់ លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា ក្នុងជំនួបសន្ទនានយោបាយការទូត នៅរសៀលថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០២៥ ផងដែរ។
លោកថា គណបក្សជំនាន់ថ្មី កើតចេញពីស្មារតីរួបរួមសាមគ្គី របស់កូនខ្មែរជាកសិករ កម្មករ ពលករ និស្សិត បញ្ញវន្ត និងខ្មែរគ្រប់មជ្ឈដ្ឋាននានាទាំងក្នុង និងក្រៅប្រទេស ។
លោកបន្ថែមថា គណបក្សជំនាន់ថ្មី ប្រកាន់គ្រឹះសុចរិតនយោបាយ សាមគ្គីភាព សេរី យុត្តិធម៌ និងសន្តិភាព ហើយឈរលើភាពម្ចាស់ការជាខ្លួនឯង ធម៌អហិង្សានិយម និងដោះស្រាយដោយសន្តិវិធី មិនយកបរទេសណាជាខ្នងបង្អែកឡើយ ដោយគោរពគោលការណ៍ទាំង១០ របស់គណបក្សជំនាន់ថ្មី «យើងធ្វើអ្វីៗរក្សា និងតម្កល់ផលប្រយោជន៍ខ្មែរជាធំ មានជំហរទំនាក់ទំនងអន្តរជាតិជាសកលនៃគោលនយោបាយការបរទេស តែមិនចូលបក្សសម្ព័ន្ធ ផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)