វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោក និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នា ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទ ដើម្បីចាប់ផ្តើមការចរចា “ភ្លាមៗ” ឆ្ពោះទៅរកការបញ្ចប់ សង្រ្គាមនៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
លោក ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការសន្ទនារបស់លោកជាមួយលោក ពូទីន គឺ “វែងឆ្ងាយ និងមានផលិតភាពខ្ពស់” ហើយពាក់ព័ន្ធនឹងការពិភាក្សាអំពីភាពខ្លាំង របស់សហរដ្ឋអាមេរិក និងរុស្ស៊ី ក៏ដូចជាអត្ថប្រយោជន៍ដ៏អស្ចារ្យ ដែលនឹងទទួលបាន តាមរយៈការសហការនាពេលអនាគត។
ក្រោយមកលោកបានប្រាប់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval ឲ្យដឹងថា “ខ្ញុំគិតថាប្រធានាធិបតី ពូទីន ចង់បានសន្តិភាព ហើយ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កីចង់បានសន្តិភាព ខ្ញុំក៏ចង់បានសន្តិភាព ខ្ញុំគ្រាន់តែចង់ឃើញមនុស្សឈប់សម្លាប់គ្នា”។ មិនយូរប៉ុន្មានបន្ទាប់ពីការហៅទូរស័ព្ទកាលពីថ្ងៃពុធលោក ហ្សេឡិនស្គី បានលោកថា លោកមានការសន្ទនាតាមទូរស័ព្ទ “ប្រកបដោយអត្ថន័យ” ជាមួយលោក ត្រាំ។
លោក ហ្សេឡិនស្គី បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “យើងបាននិយាយជាយូរមកហើយអំពីឱកាស ដើម្បីសម្រេចបាននូវសន្តិភាព គ្មាននរណាម្នាក់ចង់បានសន្តិភាពជាងអ៊ុយក្រែននោះទេ។ រួមគ្នាជាមួយសហរដ្ឋអាមេរិក យើងកំពុងកំណត់ជំហានបន្ទាប់របស់យើង ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី”។
លោកលើកឡើងថា ប្រធានាធិបតីអាមេរិក បានចែករំលែកព័ត៌មានលម្អិត នៃការសន្ទនារបស់គាត់ជាមួយពូទីន។ មេដឹកនាំអ៊ុយក្រែន បានសម្តែងការពេញចិត្តចំពោះការចាប់អារម្មណ៍របស់លោក ត្រាំ ចំពោះ “អ្វីដែលយើងអាច សម្រេចបានរួមគ្នា” ដោយបន្ថែមថាពួកគេបានបញ្ជាក់ថាពួកគេនឹងរក្សាទំនាក់ទំនង និងរៀបចំកិច្ចប្រជុំនាពេលខាងមុខ៕
ប្រែសម្រួល ឈូក បូរ៉ា
