ព័ត៌មានអន្តរជាតិ

លោក ត្រាំ ៖ សហរដ្ឋអាមេរិក និងរុស្ស៊ី នឹងចាប់ផ្តើមការចរចាភ្លាមៗ ដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន

Xinhua

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោក និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាក្នុងអំឡុង ការសន្ទនាតាមទូរស័ព្ទនៅមុនថ្ងៃ ដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ នឹងធ្វើការចរចាដោយផ្ទាល់ ក្នុងគោលបំណងបញ្ចប់ ជម្លោះអ៊ុយក្រែន-រុស្ស៊ី។

លោក ត្រាំ បានលើកឡើងថា “ខ្ញុំទើបតែមានការហៅទូរស័ព្ទដ៏យូរ និងប្រកបដោយផលិតភាពខ្ពស់ជាមួយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៃប្រទេសរុស្ស៊ី” ដោយផ្តល់ជូននូវកំណែខ្លឹមសារ នៃការហៅទូរស័ព្ទ របស់លោកនៅក្នុង ការបង្ហោះនៅលើបណ្ដាញ Truth Social ។ លោក ត្រាំ បានឲ្យដឹងថា លោក និងលោក ពូទីន បានព្រមព្រៀងគ្នាថា “យើងចង់បញ្ឈប់ការស្លាប់រាប់លាននាក់ដែលកើតឡើងនៅក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន” ។

លោកបានលើកឡើងថា “យើងបានយល់ព្រម ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ រួមទាំងការទៅសួរសុខទុក្ខ ប្រជាជាតិគ្នាទៅវិញទៅមកផងដែរ។ យើងក៏បានយល់ព្រមឱ្យក្រុមរៀងៗខ្លួនចាប់ផ្តើមការចរចាជាបន្ទាន់ ហើយយើងនឹងចាប់ផ្តើមដោយទូរស័ព្ទទៅប្រធានាធិបតីលោក ហ្សេឡិនស្គី នៃប្រទេសអ៊ុយក្រែន ដើម្បីជូនដំណឹងដល់គាត់អំពីការសន្ទនា ដែលខ្ញុំនឹងធ្វើនៅពេលនេះ” ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោក និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាក្នុងអំឡុង ពេលការសន្ទនាតាមទូរស័ព្ទ ដើម្បីចាប់ផ្តើមការចរចា “ភ្លាមៗ” ឆ្ពោះទៅរកការបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការសន្ទនារបស់លោកជាមួយលោក ពូទីន គឺ “វែងឆ្ងាយ និងមានផលិតភាពខ្ពស់” ហើយពាក់ព័ន្ធនឹងការពិភាក្សាអំពីភាពខ្លាំង របស់សហរដ្ឋអាមេរិក និងរុស្ស៊ី ក៏ដូចជាអត្ថប្រយោជន៍ដ៏អស្ចារ្យ ដែលនឹងទទួលបាន តាមរយៈការសហការ នាពេលអនាគត។

ក្រោយមកលោកបានប្រាប់អ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval ឲ្យដឹងថា “ខ្ញុំគិតថាប្រធានាធិបតី ពូទីន ចង់បានសន្តិភាព ហើយ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កីចង់បានសន្តិភាព ខ្ញុំក៏ចង់បានសន្តិភាព ខ្ញុំគ្រាន់តែចង់ឃើញមនុស្សឈប់សម្លាប់គ្នា”។ មិនយូរប៉ុន្មានបន្ទាប់ពីការហៅទូរស័ព្ទកាលពីថ្ងៃពុធលោក ហ្សេឡិនស្គី បានលោកថា លោកមានការសន្ទនាតាមទូរស័ព្ទ “ប្រកបដោយអត្ថន័យ” ជាមួយលោក ត្រាំ។

លោក ហ្សេឡិនស្គី បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “យើងបាននិយាយជាយូរមកហើយអំពីឱកាស ដើម្បីសម្រេចបាននូវសន្តិភាព គ្មាននរណាម្នាក់ចង់បានសន្តិភាពជាងអ៊ុយក្រែននោះទេ។ រួមគ្នាជាមួយសហរដ្ឋអាមេរិក យើងកំពុងកំណត់ជំហានបន្ទាប់របស់យើង ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី”។

លោកលើកឡើងថា ប្រធានាធិបតីអាមេរិកបានចែករំលែកព័ត៌មានលម្អិតនៃការសន្ទនារបស់គាត់ជាមួយពូទីន។ មេដឹកនាំអ៊ុយក្រែន បានសម្តែងការពេញចិត្តចំពោះការចាប់អារម្មណ៍របស់លោក ត្រាំ ចំពោះ “អ្វីដែលយើងអាច សម្រេចបានរួមគ្នា” ដោយបន្ថែមថាពួកគេបានបញ្ជាក់ថាពួកគេនឹងរក្សាទំនាក់ទំនង និងរៀបចំកិច្ចប្រជុំនាពេលខាងមុខ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top