ព័ត៌មានជាតិ

អ្នកនាំពាក្យ នាយករដ្ឋមន្ត្រី ៖ ការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គម របស់សម្តេចធិបតី ពុំបានប្រើប្រាស់ថវិកាជាតិនោះទេ

ភ្នំពេញ៖ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី នារាត្រីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៥នេះ បានចេញមកបញ្ជាក់ថា រាល់ការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនខុសគ្នាទៅនឹងការផ្សព្វផ្សាយព័ត៌មាន របស់បណ្តាមេដឹកនាំប្រទេស នានា ជាពិសេសគឺមិនបានប្រើប្រាស់ថវិកាជាតិនោះទេ​។

ការចេញមកប្រកាសបញ្ជាក់ របស់អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី ខាងលើនេះ ធ្វើឡើងប​ន្ទាប់ពីមានការចុះផ្សាយព័ត៌មាន ចោទប្រកាន់ដោយមិន មានមូលដ្ឋានច្បាស់លាស់ និងមាននិន្នាការនយោបាយប្រឆាំងជ្រុលនិយមរបស់ សារព័ត៌មានដែលមានស្នាក់ការនៅបរទេស ចុះផ្សាយពាក់ព័ន្ធនឹងការប្រើប្រាស់ថវិកា​ លើការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញផ្សព្វផ្សាយសង្គម (Facebook) របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ ។

ពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះ លោក មាស សុភ័ណ្ឌ បញ្ជាក់ថា “ការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញផ្សព្វផ្សាយសង្គមរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺក្នុងគោលបំណងផ្សព្វផ្សាយ នូវគោលនយោបាយ កម្មវិធីនយោបាយ និង សារនយោបាយ​ ជូនដល់ប្រជាជនឱ្យបានកាន់តែច្រើន និងទូលំទូលាយ ដែលជាការចាំបាច់សម្រាប់បម្រើដល់ផល ប្រយោជន៍ប្រជាជន និងសង្គមជាតិ”។

ប​ន្ថែមលើកនេះ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បញ្ជាក់ថា “ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់ សម្តេចបវរធិបតី នេះ គឺមិនខុសគ្នាទៅនឹងការផ្សព្វផ្សាយព័ត៌មាន របស់បណ្តាមេដឹកនាំប្រទេសនានា និងបណ្តាក្រុមហ៊ុន ក៏ដូចជាអ្នកធ្វើ ធុរកិច្ចផ្សេងៗនោះឡើយ។ ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់ សម្តេចបវរធិបតី ពុំមែនទើបតែ ផ្សព្វផ្សាយនាពេលនេះ នោះទេ។ ការផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលជាយូរមកហើយ”។

លោក មាស សុភ័ណ្ឌ គូសបញ្ជាក់ថា “ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់ សម្តេចបវរធិបតី ពុំបានប្រើប្រាស់ថវិកាជាតិនោះទេ”។

លោកអ្នកនាំពាក្យ បានឱ្យដឹងទៀតថា “ការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមរបស់ សម្តេចបវរធិបតី នេះ ពុំមែនជាការធ្វើប្រជាភិថុតិ ដូចការចោទប្រកាន់របស់ក្រុមអគតិមួយចំនួននោះទេ។ ការលើកឡើងរបស់ក្រុមអគតិទាំងនោះ បានបង្កប់នូវចេតនា ទុច្ចរិតដែលនាំឱ្យប្រជាជន មានការយល់ច្រឡំមកលើប្រមុខរាជរដ្ឋាភិបាល ដើម្បីតែបម្រើផលប្រយោជន៍នយោបាយ របស់ក្រុមគេ តែប៉ុណ្ណោះ”៕

To Top