ព័ត៌មានជាតិ

សម្ពោធសមិទ្ធផលនានា នៅក្នុងវត្តទួលឡូវ ដែលបានសាងសង់ អស់ទំហំទឹកប្រាក់ជាង ៣២ ម៉ឺនដុល្លារ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះបានអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា ដែលបានសាងសង់អស់ទំហំទឹកប្រាក់ប្រមាណជាជាង ៣២ម៉ឺនដុល្លារអាមេរិក ក្នុងវត្តពោធិ៍ធម្មរង្សី ហៅវត្តទួលឡូវ ស្ថិតក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ។

ក្នុងឱកាសសំណេះសំណាលជាមួយពុទ្ធបរិស័ទ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា សមិទ្ធផលជាច្រើន នៅក្នុងវត្តទួលនៅនេះ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មានដូចជា ឧបដ្ឋានសាលាថ្មី សួនច្បារក្នុងបរិវេណវត្ត ចេតិយរួមមានទំហំ ៥ ម៉ែត្រគុណនិង ១៥ ម៉ែត្រ ព្រមទាំងផ្លូវបេតុងថ្មី ចេញពីខ្លោងទ្វារខាងលិច មកទល់និងខាងកើត ដែលគិតជាទឹកប្រាក់ នៃការសាងសង់មកដល់ពេលនេះ អស់ប្រមាណជាជាង ៣២ ម៉ឺនដុល្លារអាមេរិក។

លោកអភិបាលខេត្ត ក៏បានយកឱកាសនោះថ្លែងអំណរគុណ ដល់សប្បុរសជនទាំងឡាយ ដែលបានបរិច្ចាគនូវធនធាន នូវថវិកា ដែលជាបច្ច័យផ្ទាល់ខ្លួន បានចូលរួមកសាងនូវសមិទ្ធផលនានា នៅក្នុងបរិវេណវត្តទួលឡូវនេះ ដែលសមិទ្ធផលទាំងនេះកើតចេញពីសទ្ធា ការគោរព និងការឲ្យតម្លៃ ដល់វិស័យព្រះពុទ្ធសាសនា ជាពិសេសគឺបានជួយជ្រោមជ្រែង ឱ្យវិស័យព្រះពុទ្ធសាសនាយើងនេះ មានការរីកចម្រើន និងការអភិវឌ្ឍស្របតាមវិស័យ អាណាចក្រដែលកំពុងមានការរីកចម្រើន លើគ្រប់វិស័យផងដែរ។

លោកអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ការអភិវឌ្ឍន៍នៅក្នុងទីអារាមមួយនេះនៅមិនទាន់ចប់ទេ ពីព្រោះត្រូវរៀបចំឱ្យទីអារាមនេះមានសោភ័ណភាព ដោយត្រូវរៀបចំឲ្យមានទីធ្លា មានការដាំផ្កា ដាំស្មៅ តុបតែងលំអរបន្ថែមទៀត ដោយហេតុថា ទីតាំងភូមិសាស្ត្រវត្តទួលឡូវនេះ មានទំហំធំទូលាយ មានអំណោយផលអាចប្រែក្លាយជាតំបន់ទេសចរណ៍មួយដែរ គឺទេសចរណ៍បែបសាសនា ផ្សារភ្ជាប់ជាមួយធម្មជាតិ ដែលមានស្រះ មានបឹង និងស្រែចម្ការរបស់ប្រជាពលរដ្ឋ ជាពិសេស ប្រសិនបើមានការប្រារព្ធពិធីបុណ្យធំៗ គឺអាជ្ញាធរអាចជ្រើសរើសយកទីតាំងវត្តនេះតែម្ដង ដូចជារៀបចំសង្ក្រាន្តឆ្នាំថ្មីជាដើម ៕

To Top