ទីក្រុងម៉ិកស៊ិកៈ សហព័ន្ធនិយោជកនៃសាធារណរដ្ឋម៉ិចស៊ិក (Coparmex) បានឲ្យដឹងថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការយកពន្ធលើ ផលិតផលពីប្រទេសកាណាដា និងម៉ិកស៊ិក តំណាងឱ្យ “ការថយក្រោយ” ក្នុងទំនាក់ទំនងពាណិជ្ជកម្ម ខណៈដែលពន្ធគយ ចូលជាធរមាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមធុរកិច្ចបាននិយាយថា វិធានការនេះ ផ្ទុយនឹងគោលការណ៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់រវាងប្រទេសទាំងបី នៅអាមេរិកខាងជើង កិច្ចព្រមព្រៀង សហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) និងបង្កើតភាពមិនច្បាស់លាស់ នៅក្នុងវិស័យផលិតភាព ។
នៅក្នុងនោះដែរ Coparmex បានព្រមានអំពីពន្ធ ២៥ ភាគរយលើការនាំចូល របស់កាណាដា និងម៉ិកស៊ិក ទៅកាន់សហរដ្ឋអាមេរិកថា “ផលប៉ះពាល់នៃវិធានការនេះ នឹងមានសារៈសំខាន់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។
ប្រភពបានឲ្យដឹងថា វិធានការពាណិជ្ជកម្ម អាចធ្លាក់ចុះប្រទេសម៉ិកស៊ិក ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ដោយកំណត់តម្លៃរូបិយប័ណ្ណឱ្យលើសពី ២២ ប៉េសូ ទៅប្រាក់ដុល្លារអាមេរិក និងបង្កើនការចំណាយ សម្រាប់ក្រុមហ៊ុននានា ។ ក្រុមនេះបានបន្ថែមថា ពន្ធគយនេះ “បញ្ជាក់ពីកង្វះការប្តេជ្ញាចិត្ត ចំពោះកិច្ចសហប្រតិបត្តិការ និងការគោរពកិច្ច ព្រមព្រៀងពាណិជ្ជកម្ម ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក” ។
ក្នុងន័យនេះ អង្គការធុរកិច្ចបានអំពាវនាវ ឱ្យរដ្ឋាភិបាលម៉ិកស៊ិក ពង្រឹងការធ្វើពិពិធកម្មទីផ្សារ និងកាត់បន្ថយការពឹងផ្អែកលើប្រទេសតែមួយ តាមរយៈយុទ្ធសាស្រ្តដែលលើកកម្ពស់ ការប្រកួតប្រជែង និងការរីកចម្រើនរបស់ក្រុមហ៊ុនម៉ិកស៊ិក នៅក្នុងទីផ្សារអន្តរជាតិ។ ក្រុមនេះបានឲ្យដឹងទៀតថា “ស្ថិរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច ជាមួយដៃគូពាណិជ្ជកម្មសំខាន់របស់យើងត្រូវតែជាអាទិភាពមួយ ប៉ុន្តែតែងតែស្ថិតក្រោមលក្ខខណ្ឌយុត្តិធម៌ និងទៅវិញទៅមក” ៕
ប្រែសម្រួល ឈូក បូរ៉ា
