ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ Min Aung Hlaing ប្រាប់លោកពូទីនថា មីយ៉ាន់ម៉ាគាំទ្រ យ៉ាងពេញទំហឹង ចំពោះយុទ្ធនាការយោធា របស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន

Sputnik

បរទេស៖ នាយករដ្ឋមន្ត្រី និងជាឧត្តមសេនីយ៍ នៃប្រទេសអាស៊ី គឺមីយ៉ាន់ម៉ា លោក Min Aung Hlaing បាននិយាយថា មីយ៉ាន់ម៉ា គាំទ្រយ៉ាងពេញទំហឹង ចំពោះយុទ្ធនាការយោធា របស់រុស្ស៊ីប្រឆាំង នឹងអ៊ុយក្រែន ហើយមានទំនុកចិត្តលើជ័យជម្នះ របស់ទីក្រុងម៉ូស្គូ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Min Aung Hlaing បានធ្វើការកត់សម្គាល់នេះ ក្នុងជំនួបជាមួយ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅវិមានក្រឹមឡាំង កាលពីថ្ងៃអង្គារ ដោយសង្កត់ធ្ងន់ថា ជម្លោះត្រូវបានបង្កឡើង ដោយលោកខាងលិច ។

យោងតាមលោក Min Aung Hlaing , ពិភពលោកកំពុងឆ្ពោះ ទៅរកសណ្តាប់ធ្នាប់ពហុប៉ូល ដែលដឹកនាំដោយរុស្ស៊ី ខណៈដែលវិបត្តិអ៊ុយក្រែន បានលាតត្រដាងជាលទ្ធផលផ្ទាល់ នៃកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសលោកខាងលិច ដើម្បីទប់ទល់នឹងការផ្លាស់ប្តូរនេះ។

មេដឹកនាំមីយ៉ាន់ម៉ាបាននិយាយថា “ខ្ញុំមានទំនុកចិត្តថា គ្រប់ប្រទេសទាំងអស់ ត្រូវតែការពារខ្លួនឯង អធិបតេយ្យភាព ប្រជាជន និងផលប្រយោជន៍របស់ខ្លួន” ។ “យើងយល់ពីស្ថានភាពរបស់រុស្ស៊ី ហើយយើងគាំទ្រយ៉ាងពេញទំហឹងក្នុងប្រតិបត្តិការពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ហើយខ្ញុំប្រាកដ – ខ្ញុំអាចនិយាយបានថា ជ័យជំនះនឹងក្លាយជារបស់អ្នកក្នុងពេលឆាប់ៗនេះ ។

រុស្ស៊ីបានអះអាងម្តងហើយម្តងទៀតថា ជម្លោះអ៊ុយក្រែនត្រូវបានបង្កឡើងដោយការពង្រីករបស់ណាតូទៅកាន់ព្រំដែនរបស់ខ្លួន៕
ប្រែសម្រួលៈ ណៃ តុលា

To Top