ព័ត៌មានជាតិ

សម្តេចធិបតី ឱ្យពិនិត្យឱ្យបានម៉ត់ចត់ លើការផ្តល់សេវាសុខាភិបាល កុំឱ្យមានការរើសអើងជាមួយអ្នកប្រើបណ្ណ ប.ស.ស.

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ ទៅដល់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ និងក្រសួងសុខាភិបាល ត្រូវចុះពិនិត្យឱ្យបានម៉ត់ជត់ និងឱ្យបានច្បាស់ថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស. ពុំត្រូវទទួលបានការរើសអើងឡើយ ។

ការថ្លៃងណែនាំរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធទារកដា្ឋនរោងចក្រ ម៉ាវ៉ល ហ្កាមិន ឯ.ក ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងសំណេះសំណាងជាមួយកម្មករ កម្មការិនីជាម្តាយ​ដែលមានទារកតូចៗ ក្នុងគោលបំណងស្តាប់នៅសំណូមពរ ក៏ដូចជាបញ្ហាប្រឈមនានារបស់កម្មករ កម្មការិនីនាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ។

ក្រោយពីបានស្តាប់នូវការលើកឡើងរបស់កម្មការិនី ដែលទៅទទួលបានអត្ថប្រយោជន៍ ពីការប្រើប្រាស់ លើបណ្ណ ប.ស.ស. លើសេវាសុខាភិបាល ក្នុងពេលមានផ្ទៃពោះ និងក្រោយសម្រាលកូនរួចរាល់ហើយនោះ សម្តេចធិបតីបានលើកឡើង សម្តេចបានឃើញនូវការផ្សព្វផ្សាយ នៅលើបណ្តាញសង្គម ដែលថា អ្នកប្រើប្រាស់បណ្ណ ប.ស.ស. នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព មិនសូវទទួលបានការយកចិត្តទុកដាក់ឡើយ ។ ជុំវិញបញ្ហាខាងលើនេះ សម្តេចធិបតី បានកត់សម្គាល់ថា មានតិចតួចបានលើកឡើង ។

សម្តេចធិបតី មានប្រសាសន៍ថា “ថ្ងៃមុនបងឃើញគេ (សម្តេចនិយាយជាមួយកម្មការិនី) គេបង្ហោះតាមហ្វេសប៊ុក តាមអី១រឿង២រឿងនោះ គេថា អ្នកកាន់ ប.ស.ស. ទៅពេទ្យ មិនសូវយកចិត្តទុកដាក់ ។ ព្រោះអាហ្នឹងការងារនេះ តាមឱ្យជាប់ ក្រសួងការងារ ក្រសួងសុខាភិបាល គឺអត់ឱ្យមានការរើសអើងទេ មណ្ឌលសុខភាព ទាំងឯកជន ទាំងរដ្ឋ គឺត្រូវធ្វើមិចយកចិត្តទុកដាក់ដូចគ្នា” ។

ក្នុងនោះសម្តេចធិបតី ក៏បានបញ្ជាក់ថា បានឱ្យក្រុមការងារចុះពិនិត្យ ទៅលើកិច្ចការងារទាំងនេះដែរ ខណៈដែលសម្តេចក៏សង្កេតឃើញថា មានចន្លោះប្រហោងបន្តិចបន្តួច តែបានធ្វើការកែសម្រួលជាបន្តបន្ទាប់ ។

សម្តេចធិបតី សង្កត់ធ្ងន់ថា ធ្វើយ៉ាងណា កុំឱ្យមានការរើសអើងឱ្យសោះ ចំពោះអ្នកប្រើប្រាស់ បណ្ណ ប.ស.ស.៕

To Top