ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ថៅកែរោងចក្រធំៗ នឹងកសាងទារកដ្ឋាននៅតាមបណ្តារោងចក្រនានានៅទូទាំងប្រទេសទៅតាមលទ្ធភាព ដើម្បីជួយសម្រាលបន្ទុករបស់ក្រុមកម្មការិនី។



ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធទារកដ្ឋានរោងចក្រ ម៉ាវ៉ល ហ្គាមិន ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ នាថ្ងៃ១០ មីនា សម្តេចធិបតី ហ៊ុន ម៉ាណែតបានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសុខាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ចំពោះការងារទារកដ្ឋាន និងថែទាំសុខភាពដល់ទារក និងម្តាយរបស់ពួកគេនៅតាមរោងចក្រសហគ្រាសនានា ខណៈបច្ចុប្បន្នបានរៀបចំទារកដ្ឋាន១៣កន្លែង នៅតាមរោងចក្រសហគ្រាស នៅទូទាំងប្រទេស ។

សម្តេចធិបតីកោតសរសើរចំពោះរដ្ឋមន្រ្តីក្រសួងការងារដែលបានខិតខំយកចិត្តទុកដាក់បង្កើតទារកដ្ឋានសម្រាប់ក្រុមស្រ្តីបម្រើការងារ នៅតាមបណ្តារោងចក្រនានានៅទូទាំងប្រទេស ។

ជាមួយគ្នានេះដែរ សម្តេចធិបតីក៏បានប្រកាសថា នៅតាមរោងចក្រសហគ្រាសដែលមានបុគ្គលិកចាប់ពី១០០នាក់ឡើងទៅ នឹងតម្រូវឲ្យមាននូវទារកដ្ឋាន ខណៈការសម្ពោធដាក់ឱ្យប្រើប្រាស់ទារកដ្ឋាននៃរោងចក្រកាត់ដេរម៉ាវ៉លនេះ គឺជាលើកដំបូងបំផុតនៅកម្ពុជា។

សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា “ឥឡូវយើងចេញមួយហើយ យើងនឹងបន្តទៅទៀត គ្រោង២ទៅ៣បន្តទៀត ហើយសង្ឃឹមថានឹងបាន។ ក្រៅពីនោះយើងមានក្រសួងអប់រំរៀបចំនៅតាមសហគមន៍ សហគមន៍១៣ នៅទូទាំងប្រទេសតូចៗ។ ឥឡូវនៅខេត្តកំពង់ស្ពឺ កំពង់ចាម ចឹងថ្ងៃក្រោយយើងនឹងពិនិត្យបន្ថែមទៀត ហើយនុងសហគមន៍ ។ ដល់នេះសម្រាប់បងប្អូននៅតាមរោងចក្រនៅសហគ្រាសដែលយើងធ្វើការ”។

សម្តចនាយករដ្ឋមន្រ្តីបង្ហាញក្តីសង្ឃឹមថា ថៅកែក្រុមហ៊ុនធំៗផ្សេងទៀត នឹងអនុវត្តនូវការកសាងទារកដ្ឋានទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន៕
