ព័ត៌មានជាតិ

បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ នឹងមានផ្ទាំងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី និងការតាំងពិព័រណ៍សមិទ្ធផលវិស័យទេចរណ៍ជាច្រើន

ភ្នំពេញ៖ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ប្រព្រឹត្តទៅដោយភាពអធិកអធម គណៈកម្មការ អន្តរក្រសួងនឹងរៀបចំកម្មវិធីសំខាន់ៗ ដូចការសម្តែងផ្ទាល់នូវទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី, ការអុជកាំជ្រួច, ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍ ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការបង្ហាញ សមិទ្ធផល និងគម្រោងអភិវឌ្ឍន៍នានា របស់ខេត្តតាកែវ និងសកម្មភាពកីឡាទេសចរណ៍ ជាលក្ខណៈមហាជន រួមជាមួយកម្មវិធីបង្ហោះគោមនៅពេលរាត្រីផងដែរ ។

យោងតាមសេចក្តីជូនដំណឹង ស្តីពី ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ” របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាត ជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍សហការជាមួយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តតាកែវ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្តតាកែវ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នឹងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ ក្រោមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ នៅខេត្តជាប់ដងទន្លេ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងបានបញ្ជាក់ថា នៅនារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពដ៏ ខ្ពង់ខ្ពស់បំផុតក្នុងពិធីបើកជាផ្លូវការ នៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ហើយនឹងមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលរាជធានី-ខេត្ត សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ វិស័យឯកជន អ្នកផលិតមាតិកា និងភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ ជាច្រើនពាន់នាក់។

ក្នុងន័យនេះ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ប្រព្រឹត្តទៅដោយភាពអធិកអធម គណៈកម្មការ អន្តរក្រសួងនឹងរៀបចំកម្មវិធីសំខាន់ៗ ដូចខាងក្រោម៖
១- ការសម្តែងផ្ទាល់នូវទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រីដោយមានការចូលរួមពីក្រុមសិល្បករ សិល្បការិនី និងតារាចម្រៀងល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការអុជកាំជ្រួចអបអរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥។
២- ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍ ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការបង្ហាញ សមិទ្ធផល និងគម្រោងអភិវឌ្ឍន៍នានា របស់ខេត្តតាកែវ ។
៣- សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជន ដោយមានសកម្មភាពកីឡាជាច្រើនប្រភេទ រួមជាមួយកម្មវិធីបង្ហោះគោមនៅពេលរាត្រី និងកម្មវិធីកម្សាន្តជាច្រើនផ្សេងទៀត ។

បន្ថែមលើនេះ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍បុណ្យទន្លេនៅឆ្នាំនេះ ទទួលបានជោគជ័យ ជាពិសេសរួមគ្នា ជំរុញផ្សព្វផ្សាយ និងលើកកម្ពស់វិស័យទេសចរណ៍ ស្របតាមប្រធានបទ “គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ” និងយុទ្ធនាការផ្សព្វផ្សាយស្តីពី “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បី ទេសចរណ៍” ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និង “បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” សូមក្រុមហ៊ុនឯកជន ធុរជន សិល្បករ សិល្បការិនី និងតារាចម្រៀងជាតិ ដែលមានបំណងចូលរួមក្នុងព្រឹត្តិការណ៍ ទាក់ទងអនុគណៈកម្មការដូចខាងក្រោម៖
រៀបចំទស្សនីយភាពសិល្បៈ និងចម្រៀង៖
ទូរសព្ទ៖ (៨៥៥)០១២ ៩០៩ ១៨២, ០១៥ ៣២២ ២២១ អ៊ីម៉ែល៖ sokchamroeunkaing@gmail.com

  • រៀបចំស្តង់ពិព័រណ៍ផលិតផល ម្ហូបអាហារ និងភេសជ្ជៈ៖
    ទូរសព្ទ៖ (៨៥៥) ០៨៩ ៩៦៦ ៦៦១, ០៩៩ ៨៨២ ២០៥ អ៊ីម៉ែល៖ pichithsereyrith18@gmail.com
  • ស្វែងរកឧបត្ថម្ភសម្រាប់ពិធីបុណ្យទន្លេ៖
    ទូរសព្ទ៖ (៨៥៥) ០១២ ២៤៧ ៥៨១, ០១៦ ៥៧០ ៧៦៧
  • រៀបចំសកម្មភាពកីឡាទេសចរណ៍ អបអរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ៖
    ទូរសព្ទ៖ (៨៥៥) ០១១ ៨៣៣ ៣១៨, ០១៦ ៩៥០ ៣០២៕
To Top