ព័ត៌មានជាតិ

សម្តេចតេជោ៖ អ្នកទៅប្រាប់ឱ្យអាមេរិក គៀបសង្កត់កម្ពុជា កុំភ្លេចថាកម្ពុជា កំពុងជាអ្នកសម្របសម្រួល អាស៊ាន-អាមេរិក

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានផ្ញើសារផ្តាំទៅកាន់អ្នកក្រុមប្រឆាំជ្រុលនិយម នៅបរទេស ដែលកំពុងទៅស្វែងរកឱកាសធ្វើបាបកម្ពុជា តាមរយៈប្រទេសមហាអំណាច សហរដ្ឋអាមេរិក គៀបសង្កត់កម្ពុជា ត្រូវដឹងរឿងមួយថា នាពេលនេះ កម្ពុជា កំពុងដើរតួនាទីជាអ្នកសម្របសម្រួល រវាងអាស៊ាន និងសហរដ្ឋអាមេរិក ខណៈដែលកម្ពុជា និងអាមេរិក មើលមុខគ្នាមិនត្រង់ តើអ្នកណា ជាអ្នកសម្របសម្រួលរវាងអាស៊ាន និងអាមេរិក ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយសមាគមឧកញ៉ាកម្ពុជា នារាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានដាក់នូវចម្ងល់មួយថា ក្រោយពីបានរិះគន់ចំៗ ទៅកាន់លោក ដូណាល់ ត្រាំ ពេញៗមាត់ ក្នុងអំឡុងពេលដែល លោកត្រាំ កំពុងស្វែងរកកាគាំទ្រមុនការបោះឆ្នោត ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក មានជនអគតិមួយរូប ដែលបានធ្វើការវិភាគ និងវាយប្រហារលោកត្រាំ ស្រាប់តែ រត់ទៅរក ប្រធានាធិបតីរូបនេះដើម្បីធ្វើបាបកម្ពុជា តាមរយៈជំរុញឱ្យសហរដ្ឋអាមេរិក គៀបសង្កត់ដល់កម្ពុជាទៅវិញ ។

ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ចាត់ទុកទង្វើរបស់ជនអគតិរូបនេះ ថាជាមនុស្សល្ងង់ពិតប្រាកដ ដែលមិនយល់ពីបច្ចុប្បន្នភាពកម្ពុជា ក្នុងពេលដែលកម្ពុជា ជាសមាជិកអាស៊ានផង និងជាអ្នកសម្របសម្រួល រវាងអាស៊ាន និងអាមេរិកផង។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “បើកម្ពុជា និងអាមេរិក មើលមុខគ្នាមិនត្រង់ តើអ្នកណាជាអ្នកសម្របសម្រួលរវាងអាស៊ាន និងអាមេរិក ។ បើដាក់ស្អីមកកម្ពុជាមិនព្រមៗ អ្នកឯងធ្វើមិច ព្រោះកម្ពុជា មានសិទ្ធិតើ ម្ខាងគឺជាសមាជិកអាស៊ាន តែម្ខាងទៀត ជាអ្នកសម្របសម្រួល ដូច្នេះក្នុងអាណត្តិ ដូណាល់ ត្រាំ គឺជាអាណត្តិដែលចាំបាច់ ត្រូវមានការសម្របសម្រួលបន្ត ពី ចូ បៃឌិន រឿងនេះគឺចឹង ​ហើយយើងក៏មិនយកអាមេរិក ធ្វើជាសត្រូវដែរ យើងចង់ធ្វើមិត្តទាំងអស់នៅលើពិភពលោកនេះ ហើយយើងគាំទ្រឱ្យដោះស្រាយបញ្ហាទាំងអស់ នៅលើពិភពលោកតាមរយៈការចរចារដោយសន្តិភាព យើងគាំទ្រទៅដល់បញ្ហាការឈប់បាញ់ នៅតំបន់កាហ្សា ប៉ាឡេស្ទីន និងបន្តដំណាក់កាលនៃការចរចារបន្ត ដើម្បីឈានទៅភាពស្ងប់ស្ងាត់ យើងក៏លើកទឹកចិត្ដដល់ការចរចារ ដោះស្រាយបញ្ហា នៅអ៊ុយក្រែន តាមរយៈការចរចារ មិនថាតួនាតីនេះ ជាតួនាទីអាមេរិក​ ឬតួនាទីរបស់អ្នកណាទេ ក៏ប៉ុន្តែបើសិនជាសង្គ្រាមត្រូវបានស្ងប់ វាជាការល្អ ដែលយើងចង់បានទៅលើបញ្ហានេះ”៕

To Top