បរទេស៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ហៅកាត់ថាOECDបានបង្ហាញអំពីការព្យាករណ៍របស់ខ្លួនថា កំណើន GDP សកលត្រូវបានព្យាករក្នុងកម្រិតមធ្យមពី៣,២ភាគរយក្នុងឆ្នាំ២០២៤ ដល់ ៣,១ ភាគរយក្នុងឆ្នាំ២០២៥ និងត្រឹមតែ៣ភាគរយប៉ុណ្ណោះនៅក្នុងឆ្នាំ២០២៦ ។
OECD ដដែលបានកត់សម្គាល់ឃើញថា ការពិនិត្យឡើងវិញធ្លាក់ចុះពីការព្យាករណ៍ពីមុនរបស់ខ្លួនឆ្លុះបញ្ចាំងពី របាំងពាណិជ្ជកម្មកាន់តែខ្ពស់នៅក្នុងសេដ្ឋកិច្ច G20 មួយចំនួន និងការកើនឡើងនូវភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ និងគោលនយោបាយដែលថ្លឹងថ្លែងលើការវិនិយោគ និងការចំណាយគ្រួសារ។
អង្គការនេះបានព្រមានថាការកើនឡើងបន្ថែមទៀតនៃរបាំងពាណិជ្ជកម្មនឹងបង្អាក់កំណើនពិភពលោក និងរួមចំណែកដល់សម្ពាធអតិផរណាហើយ នៅក្នុងការព្យាករណ៍នៅខែធ្នូ ឆ្នាំ ២០២៤របស់ខ្លួន OECD បានព្យាករថា កំណើន GDP សកលនឹងកើនឡើងដល់៣,៣ ភាគរយសម្រាប់ទាំងឆ្នាំ២០២៥និងឆ្នាំ ២០២៦។
កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងថយចុះនៅក្នុងសកម្មភាពសេដ្ឋកិច្ចសំខាន់ៗដែលក្នុងនោះ នៅសហរដ្ឋអាមេរិក កំណើន GDP ត្រូវបានគេព្យាករណ៍ថានឹងធ្លាក់ចុះមកត្រឹម ២,២. ភាគរយនៅឆ្នាំ២០២៥ និង១,៦ ភាគរយនៅឆ្នាំ ២០២៦ នៅពេលដែលការដំឡើងពន្ធចូលជាធរមាន។
ដោយឡែកនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ កំណើនផលិតផលក្នុងស្រុកសរុបត្រូវបានព្យាករណ៍ថានឹងកើនឡើង១ភាគរយនៅឆ្នាំ ២០២៥ និង១,២ភាគរយនៅឆ្នាំ២០២៦ ជាមួយនឹងភាពមិនប្រាកដប្រជាដែលកំពុងកើនឡើង៕
ប្រែសម្រួល៖ ស៊ុន លី
