ព័ត៌មានជាតិ

សម្តេចធិបតី៖ អ្នកខ្លះពូកែរិះគន់រាជរដ្ឋាភិបាល បានក្លាយជាអ្នកនាំពាក្យ ចលនាសម្ព័ន្ធតស៊ូប្រជាធិបតេយ្យ របស់ក្រុមប្រឆាំង

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងការចំអកចំអនឲ្យមនុស្សម្នាក់ដែលពូកែដើរជេរ និងរិះគន់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានចាត់តាំងឲ្យក្លាយជា អ្នកនាំពាក្យចលនាសម្ព័ន្ធតស៊ូប្រជាធិបតេយ្យ របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ។

ថ្លែងចេញពីវេទិកាសម្ពោធសាលារៀន នៅខេត្តព្រះសីហនុ នាថ្ងៃ២៦ មីនានេះ សម្តេចធិបតីបានឆ្លៀតឱកាសឌឺដង ទៅក្រុមប្រឆាំងដែលផ្តោតលើបុគ្គលម្នាក់វិភាគគ្រប់រឿង ហើយចាំមើលមកកម្ពុជាដើម្បីរិះគន់ក្នុងន័យជាន់ពន្លិចថា “តូអង្គគាត់ពូកែ គាត់ជេរ គាត់ប្រឌិតគ្រប់គ្រាន់ទីបំផុតបានក្លាយទៅជា អ្នកនាំពាក្យមែន របស់ចលនាអីមួយនោះ ។ មែនជេរទៅបានតំណែងមែន នៅក្នុងចលនាស្អី…តស៊ូស្អី ខ្ញុំមិនដឹងទេ អ្នកនាំពាក្យ ហើយម្ង៉ៃៗចេះតែជេរ អើជេរទៀតចុះ”។

ទោះបីជាសម្តេចធិបតីមិនបញ្ចេញ ចំឈ្មោះរបស់បុគ្គលណាក៏ដោយ ប៉ុន្តែក៏បានដឹងហើយថា គឺលោក គឹម សុខ ដែលក្រុមប្រឆាំងបានចាត់ទុកជាអ្នកវិភាគនោះ ត្រូវបានលោក សម រង្ស៊ីចាត់តាំងជាអ្នកនាំពាក្យចលនាសម្ព័ន្ធតស៊ូប្រជាធិបតេយ្យ ចេញពីចលនាជាតិតស៊ូ កាលពីថ្ងៃ២២ មីនា និងលោក ឆាំ ឆានី ប្រធានក្រុមជំនួយការ ខណៈលោក សម រង្ស៊ីដែលបានដើរបង្កើតចលនាអ្វីជាហូរហែរនោះ ជាប្រធាន ៕

To Top