សេអ៊ូល៖ ទិន្នន័យបានបង្ហាញនៅថ្ងៃចន្ទនេះ ថាបរិមាណនៃការនាំចេញបន្ទះឈីបរបស់កូរ៉េខាងត្បូង បានកើនឡើងជាង ៥ ភាគរយនៅឆ្នាំនេះ ទោះបីមានការធ្លាក់ចុះ នៃតម្លៃផលិតផលសំខាន់ៗក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានយុនហាប់។
យោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម និងសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បានឱ្យដឹងថា ការនាំចេញគ្រឿងអេឡិចត្រូនិករបស់ ប្រទេសនេះ មានចំនួនសរុប ២៩.៨៣៤ តោនសម្រាប់ឆ្នាំ២០១៩នេះ រហូតដល់ថ្ងៃទី២៥ ខែតុលាកើនឡើង ៥,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាពិសេសបរិមាណបានកើន ឡើងក្នុងអត្រាទ្វេដងចាប់តាំងពីខែកក្កដា។ ក្នុងរយៈពេល ២៥ ថ្ងៃដំបូងនៃខែតុលា តែមួយបរិមាណនេះបានកើនឡើង ១៦ ភាគរយបើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំទៅដល់ ២៥៥៧ តោន។ ផលិតកម្មបន្ទះឈីបរបស់កូរ៉េខាងត្បូង បានកើនឡើង ៧ ភាគរយនៅឆ្នាំនេះស្រប ពេលកំណើននៃការនាំចេញទៅបរទេស៕
ដោយ ឈូក បូរ៉ា