យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Pete Hegseth នឹងលប់ចោលកិច្ចប្រជុំបន្ទាប់នៃបណ្តាប្រទេសដែលសម្របសម្រួលការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន ដែលជាការសម្រេចចិត្តផ្អាកលើកដំបូងដោយមន្ទីរប៉ង់តាហ្គោន។
ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ឬហៅកាត់ថា UDCG ដែលត្រូវបានគេស្គាល់ថាជាក្រុម Ramstein គ្រោងនឹងកោះប្រជុំនៅទីក្រុងប្រ៊ូសែលនៅថ្ងៃទី១១ខែមេសា ជាលើកទី២៧ចាប់តាំងពីជម្លោះកើនឡើងនៅឆ្នាំ២០២២។
វាត្រូវបានបង្កើតឡើងដោយអ្នកស្នងតំណែងមុនរបស់ Hegsethគឺអតីតរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ដែលក្នុងនោះមានសម្ព័ន្ធប្រទេសចំនួន៥០បានផ្តល់ជំនួយយោធាច្រើនជាង១២៦ពាន់លានដុល្លារមកហើយទៅឲ្យរដ្ឋាភិបាលក្រុងគៀវ។
មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថាលោក Hegseth នឹងមិនចូលរួមដោយផ្ទាល់ទេ ហើយមិនត្រូវបានគេរំពឹងថានឹងចូលរួមអនឡាញនោះដែរ។
មន្ត្រីរូបនេះដដែលក៏បាននិយាយដែរថា មន្ទីរបញ្ចកោណក៏ទំនងជាមិនបញ្ជូនអ្នកតំណាងជាន់ខ្ពស់ណាមួយ ដែលជាធម្មតាទៅជាមួយរដ្ឋមន្ត្រីក្នុងការធ្វើដំណើរបែបនេះនោះដែរ។
យោងតាមប្រភពដដែលបានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននៅតែបន្តធ្វើការវាយតម្លៃពីរបៀបដែលមន្ត្រីរបស់ខ្លួននឹងចូលរួមក្នុងវេទិកានានាទាក់ទងនឹងអ៊ុយក្រែន រួមទាំងអ្នកត្រួតពិនិត្យការចែកចាយអាវុធ និងការបណ្តុះបណ្តាលផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
