ព័ត៌មានជាតិ

សភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា ប្រជុំជាមួយក្រសួងសេដ្ឋកិច្ច រកដំណោះស្រាយជុំវិញ ការដំឡើងពន្ធរបស់អាមេរិក

ភ្នំពេញ៖ សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham Cambodia)ដឹកនាំដោយលោក Casey Barnett ជាប្រធានបានជួបប្រជុំពិភាក្សា ការងារជាមួយលោក ផាន់ ផល្លា និងក្រុមការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីពន្ធគយដែល រដ្ឋបាលសហរដ្ឋអាមេរិកបានអនុវត្តថ្មីៗនេះ មកលើកម្ពុជាប្រមាណជា៤៩% ។

យោងតាមហ្វេសប៊ុករបស់ AmCham Cambodia បានឲ្យដឹងថា កាលពីថ្ងៃ៣ មេសា ខ្លួនបានសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើពន្ធថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីពិភាក្សារកដំណោះស្រាយពីការ ដំឡើងពន្ធលើផលិតផលកម្ពុជា៤៩% ។

ភ្លាមៗបន្ទាប់ពីការប្រកាសរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ AmCham Cambodia បានចេញសេចក្តីថ្លែងការណ៍ផ្លូវការ ដោយជំរុញឱ្យបញ្ចប់ពន្ធគយទាំងនេះ ហើយអំពាវនាវឱ្យមានដំណោះស្រាយសមហេតុផល និងសមតុល្យ ។

AmCham Cambodia ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្ររាជរដ្ឋាភិបាលក្នុងការចរចាទាំងនេះ ដើម្បីការពារការប្រកួតប្រជែងរបស់កម្ពុជា ទាក់ទាញការវិនិយោគ និងបង្កើតការងារ។

ជាមួយគ្នានេះ AmCham Cambodia បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការស្តាប់កង្វល់របស់សហគមន៍ ធុរកិច្ចបន្ទាប់ពីការដំឡើងពន្ធថ្មីៗនេះ។ AmCham Cambodia បានបង្ហាញការជឿជាក់ថា កម្ពុជាពិតជាមានឱកាសពិតប្រាកដក្នុងការចរចាឡើងវិញ នូវការរៀបចំពាណិជ្ជកម្មដែលមានការ អនុគ្រោះច្រើនជាងនេះជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក៏ត្រូវការសកម្មភាពរហ័ស និងសម្រេចចិត្ត៕

To Top