ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិ នាថ្ងៃ៣ មេសា លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាលបានលើកឡើងថា ជោគជ័យសុខភាពកុមារ គឺជាជោគជ័យដ៏ធំធេង សម្រាប់អនាគតប្រទេសជាតិ។
នាឱកាសនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងកម្លាំងចិត្ត នាំមកនូវស្នាដៃជូនមន្ទីរពេទ្យ ដែលមានការប្រែប្រួលថ្មីៗជាច្រើន ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារទំនើប ការកសាងសមត្ថភាពមន្រ្តី ឱ្យកាន់តែសមត្ថភាពខ្ពស់ ស្របទៅតាមបទដ្ឋានវិទ្យាសាស្រ្ត និងស្តង់ដាជាតិ ប្រកបដោយនវានុវត្តន៍ ក្នុងការជួយធ្វើរោគវិនិច្ឆ័យឱ្យបានរហ័ស និងសុក្រឹតភាព ដើម្បីបេសកកម្មក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន និងជាពិសេសកុមារកម្ពុជា។
សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យទាំងអស់ បន្តយកចិត្តទុកដាក់ខ្ពស់ លើការងារកសាងសមត្ថភាព ទាំងជំនាញវេជ្ជសាស្ត្រ និងភាពជាអ្នកដឹកនាំ តាមរយៈការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍គ្នា និងការធ្វើនវានុវត្តន៍បច្ចេកវិទ្យា សំដៅប្រសិទ្ធភាពការងារ និងភាពឆាប់រហ័សលើអន្តរាគមន៍នៃរាល់ការងារទាំងឡាយ។ បន្ថែមពីនេះ សាស្រ្តាចារ្យឲ្យត្រូវបង្កើនការពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈ ដែលជាគោលការណ៍ ជាអាយុជីវិត ជាជម្រៅនៃជំនឿជឿជាក់ ក្នុងការបំពេញភារកិច្ច ដោយការតាំងចិត្តជាមួយឆន្ទៈខ្ពស់ និងសេចក្តីអាណិតស្រឡាញ់ចំពោះកុមារ ផ្សារភ្ជាប់ជាមួយក្រុមគ្រួសារអ្នកជំងឺ ។
ទន្ទឹមនឹងវឌ្ឍនភាព និងសមិទ្ធផលរបស់មន្ទីរពេទ្យ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្ដល់ទស្សនទានមួយចំនួន ដល់សមាជិក សមាជិកានៃអង្គសន្និបាតទាំងមូល នូវធាតុចូលយកទៅពិចារណា ក្នុងការរៀបចំនូវផែនការ និងទិសដៅសម្រាប់ការងារនៅក្នុងឆ្នាំ២០២៥ ដើម្បីលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ដូចជា ៖ ពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ របស់មន្ទីរពេទ្យដោយកែលំអអគារ និងស្ថានភាពបរិស្ថានជុំវិញមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង ថ្នាក់ដឹកនាំ ត្រូវពិនិត្យនិងរៀបចំផែនការជំហាន ដោយធ្វើពីជ្រោយមកកណ្តាល , លើកកម្ពស់ និងបណ្តុះបណ្តាល សមត្ថភាពបន្ថែមទៀតដល់មន្ត្រី បុគ្គលិកមន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើង ជាពិសេសត្រូវពិនិត្យលើអ្នកដែលត្រូវជួយ អ្នកខ្វះខាត ឱ្យសមស្របទៅតាមកម្រិតស្តង់ដាជាតិ និងអន្តរជាតិ , ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈ វេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ដោយនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅប្រទេស ដោយត្រូវចែករំលែក និងបន្តជួយបណ្តុះបណ្តាលដល់អ្នកបន្តវេនទៅថ្ងៃមុខ៕








