ព័ត៌មានអន្តរជាតិ

លោក Donald Trump ថា សហរដ្ឋអាមេរិក គ្មានឆន្ទៈ ធ្វើកិច្ចព្រមព្រៀង ជាមួយចិននោះទេ លុះត្រាតែឱនភាព ពាណិជ្ជកម្មជាង ១ ពាន់ពាន់លានដុល្លារ ត្រូវដោះស្រាយ

xinhua

បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកមិនមានឆន្ទៈ ធ្វើកិច្ចព្រមព្រៀង ជាមួយប្រទេសចិនទេ លុះត្រាតែឱនភាពពាណិជ្ជកម្មលើសពី ១ ពាន់ពាន់លានដុល្លារ ត្រូវដោះស្រាយជាមុនសិន។

យោងតាមសារព័ត៌មាន Fox News ចេញផ្សាយ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅពេលនិយាយ ទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One លោក Trump បាននិយាយថា ជាមួយនឹងប្រទេស មួយចំនួនមានឱនភាពពាណិជ្ជកម្មជាងមួយពាន់លានដុល្លារ ប៉ុន្តែជាមួយនឹងប្រទេសចិន គឺចិនមានលើសពី ១ ពាន់ពាន់លានដុល្លារ។

លោកបាននិយាយថា “យើងមានឱនភាពពាណិជ្ជកម្ម ១ ពាន់ពាន់លានដុល្លារ ជាមួយប្រទេសចិន។ រាប់រយពាន់លានដុល្លារ ក្នុងមួយឆ្នាំយើង ចាញ់ប្រទេសចិន ហើយលុះត្រាតែយើងដោះស្រាយបញ្ហានោះ ខ្ញុំនឹងមិនធ្វើកិច្ចព្រមព្រៀង ណាមួយនោះទេ” ។ “ខ្ញុំសុខចិត្តធ្វើកិច្ចព្រមព្រៀងជាមួយចិន ប៉ុន្តែពួកគេត្រូវតែ ដោះស្រាយអតិរេកនេះ។ យើងមានបញ្ហាឱនភាពយ៉ាងខ្លាំងជាមួយចិន… ខ្ញុំចង់ឱ្យចិនដោះស្រាយ”។

លោក Trump ក៏បាននិយាយផងដែរ ដោយសារតែពន្ធនេះ សហរដ្ឋអាមេរិកមានទឹកប្រាក់ចំនួន ៧ពាន់ពាន់លានដុល្លារ នៃការវិនិយោគដែលបានប្តេជ្ញាចិត្តនៅពេលនិយាយអំពីការសាងសង់ រោងចក្រផលិតរថយន្ត ក្រុមហ៊ុនបន្ទះឈីប និងប្រភេទអាជីវកម្មផ្សេងទៀត “ក្នុងកម្រិតដែលយើងមិន ធ្លាប់បានឃើញពីមុនមក”។

ប៉ុន្តែទាក់ទងនឹងឱនភាពពាណិជ្ជកម្ម លោក Trump បាននិយាយថា លោកបាននិយាយជាមួយមេដឹកនាំជាច្រើននៅអឺរ៉ុប និងអាស៊ី ដើម្បីធ្វើកិច្ចព្រមព្រៀង ប៉ុន្តែដរាបណាមានឱនភាព លោកនឹងមិនធ្វើបែបនោះទេ។

លោកបានថ្លែងថា៖ «ឱនភាពគឺជាការខាតបង់។ “យើងនឹងមានអតិរេក ឬយើងអាក្រក់បំផុត នឹងមានការកើនឡើង។ ប៉ុន្តែប្រទេសចិននឹងអាក្រក់បំផុតនៅក្នុងក្រុម ដោយសារតែឱនភាពនេះមានទំហំធំ ហើយវាមិនស្ថិតស្ថេរ។

ប្រធានាធិបតីរំពឹងថា នៅឆ្នាំក្រោយ ពន្ធគយនឹងនាំមកនូវប្រាក់បន្ថែមចំនួន ១ ពាន់ពាន់លានដុល្លារ។ លោកក៏បាននិយាយ ផងដែរថាក្រុមហ៊ុនជាច្រើននឹងចាប់ផ្តើមផ្លាស់ប្តូរទីតាំង ទៅសហរដ្ឋអាមេរិកនៅកន្លែងដូចជា North Carolina, Detroit និង Illinois ៕
ប្រែសម្រួលៈ ណៃ តុលា

To Top