ពោធិ៍សាត់ ៖ ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងផ្លូវជាតិលេខ១៥៥១ (ផ.ជ.១០) ត្រូវបានចាក់បេតុងតភ្ជាប់មុខតំណ និងបើកឱ្យប្រើប្រាស់ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

គម្រោងផ្លូវជាតិលេខ១៥៥១ (ផ.ជ.១០) និងស្ពាននេះ នឹងត្រូវបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្នសម្រាប់រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ឆ្លងកាត់រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស .២០២៥ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ស្ពាននេះជាផ្នែកមួយនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

ស្ពានខ្ពស់ជាងគេនេះ ជាស្ពានទី២៨ ក្នុងចំណោមស្ពាន សរុបចំនួន៣២ ដែលសាងសង់សម្រេចបាន៩៨% មានប្រវែង៥៣៧ម កម្ពស់៩០ម(ដោយគិតពីបាតស្ទឹង ដល់បាតធ្នឹមក្រោមស្ពាន) ទទឹងស្ពានទាំងសងខាង មានប្រវែង១០ម និងចំណុចកណ្តាលសងខាង នៃស្ពានមានទីធ្លាសម្រាប់សំចតថត រូបអនុស្សាវរីយ៍មានទទឹងសរុប១៥ម (ក្នុងប្រវែងសរុប១០ម ពង្រីកម្ខាង ២,៥ម)៕

