ព័ត៌មានជាតិ

លោកស្រី ហ៊ុន ដានី៖ ប្រទេសចិន គឺជាទីផ្សារទេសចរណ៍ធំបំផុត សម្រាប់កម្ពុជា ក៏ដូចជាពិភពលោក

ភ្នំពេញ៖ លោកស្រី ហ៊ុន ដានី អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងថា វិស័យទេសចរណ៍កម្ពុជា មានការរីកចម្រើនជាលំដាប់ ខណៈដែលប្រទេសចិន គឺជាទីផ្សារធំបំផុតសម្រាប់កម្ពុជា ក៏ដូចជាពិភពលោកដែរ ។

ថ្លែងក្នុងឱកាសអញ្ជើញចូលរួម វេទិកាពិភាក្សា ស្តីពី “ទំនាក់ទំនងកម្ពុជា ចិន ក្នុងបរិបទថ្មី” ដែលរៀបចំឡើងដោយសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ លោកស្រី ហ៊ុន ដានី បានគូសបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ បានធ្វើឱ្យចិន និងកម្ពុជា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ នៅលើវិស័យទេសចរណ៍ ។ តួរយ៉ាង ប្រទេសទាំងពីរ បានរួមគ្នាបង្កើតជាវេទិកាទេសចរណ៍ ទាំងនៅក្នុងប្រទេសកម្ពុជា ទាំងនៅក្នុងប្រទេសចិន ពិពរណ៌ទេសចរណ៍ ការផលិតនៅកម្មវិធីផ្សព្វផ្សាយទេចរណ៍រួមគ្នា កម្ពុជា-ចិន ព្រមទាំងការផ្លាស់ប្តូរវេទិកាផ្លាស់ប្តូរយោបល់ រវាងអ្នកជំនាញទេសចរណ៍ មន្ត្រីនៅក្នុងក្របខណ្ឌវិស័យទេសចរណ៍ ក៏ដូចជាអ្នកធុរកិច្ច នៅក្នុងវិស័យទេសចរណ៍ ។

ក្នុងនោះលោកស្រី ហ៊ុន ដានី បានរំលឹកថា ផ្តើមពីឆ្នាំ២០០០ កម្ពុជា ទទួលបានភ្ញៀវទេសចរចិន ចំនួនជាង៣ម៉ឺននាក់ តែពីមួយឆ្នាំទៅមួយឆ្នាំ កិច្ចសហប្រតិបត្តិការលើវិស័យវិស័យទេសចរណ៍ រវាងប្រទេសទាំងពីរ បាននាំមកនូវកំណើនទេសចរណ៍ចិន ជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១៩ កម្ពុជា ទទួលបានទេសចរណ៍ចិន ចំនួន២លាន៤សែននាក់ ដែលជាកំណើនមួយគួរឱ្យកត់សម្គាល់ កើតចេញពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ជាពិសេសនោះ កិច្ចសហប្រតិបត្តិការជិទស្និទ រឹងមាំ និងយូរអង្វែងនៃប្រទេសទាំងពីរផងដែរ ។

ដោយឡែកនៅក្នុងឆ្នាំ២០២៤ ដោយសារតែកម្ពុជា ក៏ដូចជាប្រទេសនានានៅក្នុងតំបន់ និងលើពិភពលោក ទើបតែបានរួចផុត ឬងើបឡើងវិញ ពីវិបត្តិនៃជំងឺកូវីដ១៩ ធ្វើឱ្យចំនួនភ្ញៀវទេសចរចិន មកកាន់កម្ពុជា មានចំនួនតែជាង៨៤ម៉ឺននាក់ ។

លោកស្រី បញ្ជាក់ឡើងវិញថា នៅឆ្នាំ២០១៩ កម្ពុជា ទទួលបានភ្ញៀវទេសចរចិន បានជាង២លាន៤សែននាក់ ហើយនៅក្នុងឆ្នាំ២០២៤ ធ្លាក់មកនៅត្រឹមតែ៨៤ម៉ឺននាក់ ដោយសារកត្តាអន្តរកាលនៃវិបត្តិនៃជំងឺកូវីដ១៩ ដែលនាំឱ្យចំនួនភ្ញៀវទេសចរចិន មានការធ្លាក់ចុះយ៉ាងគំហុក ខណៈដែលភ្ញៀវទេសចរអន្តរជាតិ ពីបណ្តាប្រទេសផ្សេងៗទៀត ក៏មានការធ្លាក់ចុះដូចគ្នា ។

ក្រោយពីបានស្តាមកវិញ នូវចំនួនភ្ញៀវទេសចរចិន នៅក្នុងឆ្នាំ២០២៥នេះ កម្ពុជា រំពឹងថា តាមរយៈលទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក៏ដូចជាកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ នឹងទទួលបានភ្ញៀវទេសចរចិន ចំនួនជាង១លាននាក់មកវិញ។

លោកស្រី ហ៊ុន ដានី មានប្រសាសន៍ថា “ផ្តើមចេញពីកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ យ៉ាងរឹងមាំ កម្ពុជា-ចិន នៅក្រោមក្របខណ្ឌនៃកំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់និងផ្លូវ ក៏ដូចជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន បានធ្វើឱ្យវិស័យទេសចរណ៍កម្ពុជា មានការរីកចម្រើនជាលំដាប់ ដោយសារតែប្រទេសចិន គឺជាប្រទេសដែលមានចំនួនប្រជាជនច្រើន នៅលើពិភពលោក ដូច្នេះចិន គឺជាទីផ្សារទេសចរណ៍ ដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជា ដោយនិយាយដោយឡែក ហើយនិយាយជារួម គឺជាទីផ្សារទេសចរណ៍ដ៏ធំនៅលើពិពភពលោកផងដែរ” ។

សូមបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានដាក់ចេញនូវយុទ្ធនាការឆ្នាំទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០២៥ផងដែរ ដែលបច្ចុប្បន្ននេះ គឺរដ្ឋាភិបាលនៃប្រទេសទាំងពីរ កំពុងតែខិតខំអនុវត្ត និងបង្កើតឡើងនូវព្រឹត្តិការណ៍ទេសចរណ៍ ក៏ដូចជារៀបចំវេទិកា ទេសចរណ៍ និងកម្មវិធីនានារួមគ្នា សំដៅទាក់ទាញ ទាំងកំណើនទេសចរណ៍ ក៏ដូចជាវិនិយោគិនមកវិនិយោគនៅប្រទេសកម្ពុជា លើវិស័យទេសចរណ៍ ក៏ដូចជាអ្នកធុរកិច្ចចិន មកកាន់ប្រទេសកម្ពុជាផងដែរ៕

To Top