ភ្នំពេញ ៖ ទស្សន៍ទាយទុកជាមុនអំពីការដំឡើងពន្ធគយ របស់រដ្ឋបាលអាមេរិក ដឹកនាំដោយ លោក ដួណាល់ ត្រាំ កាលពីសប្តាហ៍មុន ទៅដល់បណ្តាប្រទេស ប្រមាណជាជិត១០០ នៅលើពិភពលោក លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដាគណនេយ្យ និងសវនកម្ម បានលើកឡើងថា បញ្ហានៃការដំឡើងនេះ នឹងរីករាលដាលទៅជាសង្គ្រាមរវាងប្លុកប្រទេស មហាអំណាចទាំង២ គឺសហរដ្ឋអាមេរិក និងចិន ខណៈការអនុវត្តអត្រាពន្ធ១០៤% លើចិន ត្រូវធ្វើឡើងនៅព្រឹកថ្ងៃ៩ មេសា នេះ ។

មិនខុសពីប្រទេសមួយចំនួន ក្នុងពិភពលោក កម្ពុជាក៏បានពើបប្រទះនឹងការដំឡើងពន្ធគយលើផលិតផលនាំចេញទៅអាមេរិក៤៩%ផងដែរ ខណៈប្រទេសចិនដែលជាដៃគូ ប្រកួតប្រជែងគ្នាជាមួយអាមេរិកក្នុងការដណ្តើមធ្វើជាប្រទេសមហាអំណាចលើពិភពលោក ក៏ត្រូវបានរដ្ឋបាលលោកត្រាំ សម្រេចដំឡើងខ្ពស់រហូតដល់១០៤% ។
សម្រាប់ការដំឡើងពន្ធនេះ ត្រូវបានលោកបណ្ឌិត ហេង វ៉ាន់ដា នាថ្ងៃ៩ មេសានេះ បានបញ្ចេញទស្សនថា ក្រោយពីប្រកាសដំឡើងពន្ធរបស់លោកត្រាំ បច្ចុប្បន្នបានបង្កើតឲ្យមានជា សង្គ្រាមពាណិជ្ជកម្មហើយ រវាងប្រទេសដំឡើងពន្ធជាមួយអាមេរិក ។
បណ្ឌិត ហេង វ៉ាន់ដាបានគូសបញ្ជាក់ថា “ត្រាំប្រកាសពន្ធគយ១០៤% លើទំនិញនាំចូលពីចិន , ចិនប្រកាសសងសឹក និងតស៊ូដល់ទីបញ្ចប់ ។ ចុងបញ្ចប់ សង្គ្រាមពាណិជ្ជកម្មគឺសហរដ្ឋអាមេរិកនិងចិន។ ហើយបន្តិចទៀតសង្គ្រាមនេះ នឹងរាលដាលក្លាយជាសង្គ្រាមរវាងប្លុកសហរដ្ឋអាមេរិកនិង ប្លុកចិន” ។
សូមបញ្ជាក់ថា បន្ទាប់ពីលោក ដូណាល់ ត្រាំបានប្រកាសដំឡើងពន្ធគយដល់ប្រទេសជិត ១០០លើពិភពលោក កាលពីថ្ងៃទី២ មេសា ម៉ោងនៅអាមេរិក ហើយត្រូវថ្ងៃទី៣ ម៉ោងនៅកម្ពុជា បានធ្វើឲ្យមានការផ្ទុះឡើង នូវការតវ៉ានិងការមិនពេញចិត្ត របស់ប្រទេស ដែលត្រូវដំឡើងពន្ធ ។ ក្នុងនោះប្រទេសជាច្រើនបានផ្ញើ លិខិតទៅរដ្ឋបាលអាមេរិក ស្នើសុំចរចាជាមួយអាមេរិក ដើម្បីឲ្យមានការបន្ធូរបន្ថយពន្ធនេះជាបន្តបន្ទាប់៕
