ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ពន្ធគយ ២៤៥ ភាគរយរបស់សហរដ្ឋអាមេរិក លើផលិតផលមួយចំនួនពីប្រទេសចិន លែងមានន័យសម្រាប់សេដ្ឋកិច្ចទៀតហើយ។
សេតវិមានបានចេញសន្លឹក ការពិតអំពីការស៊ើបអង្កេតផ្នែកទី២៣២ នៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃទី១៥ ខែមេសាដោយនិយាយថា ប្រទេសចិនប្រឈមមុខនឹងពន្ធរហូតដល់ ២៤៥ ភាគរយលើការនាំចូលទៅកាន់សហរដ្ឋអាមេរិក ដែលជាលទ្ធផលនៃសកម្មភាពសងសឹករបស់ខ្លួន។
ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធ អ្នកនាំពាក្យបានចង្អុលបង្ហាញថា ប្រទេសចិន បានបញ្ជាក់យ៉ាងច្បាស់ថា ការដំឡើងពន្ធជំរិតទារប្រាក់ របស់សហរដ្ឋអាមេរិកមកលើប្រទេសចិន បានក្លាយជាល្បែងលេខ ដែលសេដ្ឋកិច្ចមិនមានភាពខុសគ្នាខ្លាំងទៀតទេ លើកលែងតែការបង្ហាញបន្ថែមទៀត ពីរបៀបដែលសហរដ្ឋអាមេរិក យកអាវុធពន្ធគយ ដើម្បីបង្ខិតបង្ខំ និងសម្លុតអ្នកដទៃ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ប្រទេសចិនមិនចង់ប្រយុទ្ធនឹងសង្គ្រាមទាំងនោះទេ ប៉ុន្តែយើងក៏មិនខ្លាចពួកគេដែរ” ដោយកត់សម្គាល់ថា សង្គ្រាមពន្ធគយ និងពាណិជ្ជកម្មមិនមានអ្នកឈ្នះនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យរូបនេះបានលើកឡើងថា “ប្រសិនបើសហរដ្ឋអាមេរិក បន្តលេងហ្គេមលេខនេះជាមួយនឹងពន្ធ វានឹងត្រូវបានគេមិនអើពើ ប៉ុន្តែប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តធ្វើឱ្យខូចខាតដល់សិទ្ធិ និងផលប្រយោជន៍របស់ប្រទេសចិន ប្រទេសចិន នឹងឆ្លើយតបជាមួយនឹង វិធានការតបតយ៉ាងម៉ឺងម៉ាត់ ហើយនឹងឈរជើងរបស់យើងរហូតដល់ទីបញ្ចប់” ៕
ប្រែសម្រួល ឈូក បូរ៉ា
