ភ្នំពេញ៖ លោក វ៉ាង តុងចូវ (Wang Tongzhou) ប្រធានក្រុមហ៊ុន China Communications Construction Company (CCCC) បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចបានជោគជ័យ តាមផែនការកំណត់ ប្រកបដោយគុណភាពខ្ពស់ ។
ការប្តេជ្ញាចិត្តរបស់ប្រធានក្រុមហ៊ុនខាងលេីនេះ ធ្វេីឡេីងក្នុងជំនួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះខាងលេីនេះ លោក វ៉ាង តុងចូវ បានសម្ដែងការពេញចិត្តយ៉ាងខ្លាំង ចំពោះការផ្ដោតអាទិភាពខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា លើការសាងសង់ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធានានូវបរិយាកាសវិនិយោគល្អ។
លោកប្រធានបានគោរពរាយការណ៍ ជូនសម្ដេចបវរធិបតី អំពីប្រតិបត្តិការអាជីកម្មរបស់ក្រុមហ៊ុន CCCC ដែលជាក្រុមហ៊ុនវិស្វកម្មចិនឈានមុខគេ លើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការជីកស្តារព្រែកជីក ក៏ដូចជាប្រព័ន្ធស្រោចស្រពធំៗ ជាដេីម។
បច្ចុប្បន្ន ក្រុមហ៊ុន មានប្រតិបត្តិការអាជីវកម្ម នៅក្នុង ១៥៨ ប្រទេស ជុំវិញពិភពលោក។ ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CCCC ជាអ្នកទទួលបន្ទុកសាងសង់ព្រែកជីកហ្វូណនតេជោ។
លោក វ៉ាង តុងចូវ ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាព នៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលបានឈានដល់ការចុះកិច្ចព្រមព្រៀង លើឯកសារសំខាន់ៗសម្រាប់ការអនុវត្តគម្រោងនេះ ស្របពេលនៃដំណេីរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជា ព្រមទាំងបង្ហាញជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ស៊ី ជីនពីង នាពេលនេះ នឹងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ថែមទៀត។
លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលចិន ដែលបានផ្តល់ការគាំទ្រ យ៉ាងពេញលេញលេីគម្រោងនេះ។ លោកប្រធាន ក៏បានគូសបញ្ជាក់ពីសុទិដ្ឋិនិយម នៃការអនុវត្តគម្រោង និងបានបង្ហាញ នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ របស់ក្រុមហ៊ុន ក្នុងការសាងសង់ព្រែកជីកនេះ ឱ្យសម្រេចបានជោគជ័យ តាមផែនការដែលបានកំណត់ ប្រកបដោយគុណភាពខ្ពស់ និងជាគំរូមួយ។
ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន និងសម្ដែងការរីករាយចំពោះក្រុមហ៊ុន CRBC ដែលបានដេីរតួនាទីយ៉ាងសំខាន់ ក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា ជាពិសេសគម្រោងព្រែកជីកហ្វូណនតេជោនេះ។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់ រាជរដ្ឋាភិបាល និងសារៈសំខាននៃព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលនឹងបើកសក្ដានុពលក្នុងការតភ្ជាប់ផ្លូវទឹក ពីទន្លេទៅកាន់សមុទ្រ និងពង្រីកសក្ដានុពលវិនិយោគ ក្នុងវិស័យឧស្សាហកម្ម កសិកម្ម ឡូជីស្ទីក និងអចលនទ្រព្យ ដែលនឹងជំរុញសន្ទុះកំណើនសេដ្ឋកិច្ចជាតិ ថែមទៀត។
បន្ថែមលេីនេះ សម្ដេចធិបតី បានអបអរសាទរចំពោះការឯកភាពលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗសម្រាប់ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោនេះ និងជឿជាក់ថា គម្រោងនេះនឹងបញ្ចប់ការសាងសង់ដោយជោគជ័យ តាមផែនការដែលបានគ្រោងទុក៕







