ព័ត៌មានអន្តរជាតិ

រុស្ស៊ី ថ្កោលទោសប្រឆាំង​នឹង​ សមយុទ្ធ​យោធា​នាពេលខាង​មុខ​នេះ របស់​ជប៉ុន

Kyodo

មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីកាលពីថ្ងៃទី១៧ ខែមេសា បានធ្វើការតវ៉ាយ៉ាងខ្លាំងជាមួយប្រទេសជប៉ុនជុំវិញផែនការរបស់ទីក្រុងតូក្យូ ដើម្បីធ្វើសមយុទ្ធមីស៊ីលប្រឆាំងនាវានៅជិតព្រំដែនប្រទេសរុស្ស៊ី។

ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសរុស្ស៊ីបានធ្វើការតវ៉ាជាមួយស្ថានទូតជប៉ុន នៅទីក្រុងមូស្គូ ជុំវិញគម្រោងរបស់ប្រទេសជប៉ុន ដើម្បីធ្វើសមយុទ្ធជាមួយប្រព័ន្ធមីស៊ីលប្រឆាំងនាវា SSM-1 ដែលបំពាក់ដោយមីស៊ីល Type-88 នៅលើកោះហុកកៃដូ ក្បែរព្រំដែនរុស្ស៊ី ក្នុងខែមិថុនា។

សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា ទីក្រុងម៉ូស្គូចាត់ទុកសកម្មភាពយោធា “បង្កហេតុ” នៅជិតព្រំដែនរុស្ស៊ី “ជាការគំរាមកំហែងដ៏មានសក្តានុពលចំពោះសន្តិសុខជាតិរបស់ខ្លួន” ដោយបន្ថែមថាសកម្មភាពរបស់ទីក្រុងតូក្យូ បង្កើនភាពតានតឹងនៅអាស៊ីឦសាន និងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្រសួងការបរទេសបានព្រមានថា “រុស្ស៊ីរក្សាសិទ្ធិក្នុងការចាត់វិធានការឆ្លើយតបជាចាំបាច់ទាំងអស់” ដើម្បីធានាសន្តិសុខរបស់ខ្លួននៅតាមព្រំដែនចុងបូព៌ារបស់ខ្លួន៕

To Top