ភ្នំពេញ៖ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានច្រានចោលថា ពុំមានករណីមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ក្នុងស្រុកលើកដែក ខេត្តកណ្តាលជាប់ព្រំដែនវៀតណាម យកលុយពីក្រុមអាជីវករពី២០ទៅ៣៥ម៉ឺនរៀល ក្នុង១រថយន្តដែលដឹកទំនិញពីវៀតណាមកនោះ ។
ការចេញមកបដិសេធរបស់អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នេះ បន្ទាប់ពីមានការចុះផ្សាយជាបន្តបន្ទាប់កាលពីថ្ងៃ១៤ មេសា ថា “អាជីវករអះអាងរឿងបង់លុយចូល ហោប៉ៅ មន្ត្រីច្រកទ្វារព្រំដែនក្អមសំណអស់ចាប់ពី ២០ ទៅ ៣៥ម៉ឺនរៀលក្នុង១ឡាន” ។ ក្នុងនោះក៏មាន ការលើកឡើងពីការឃុបឃិតគ្នា ក្នុងការយកប្រាក់នេះពីបណ្តាស្ថាប័នដូចជា ស្នាក់ការគយ-រដ្ឋាករ និងប៉ូលីសអន្តោប្រវេសន៍ ក្នុងការយកប្រាក់ឡានដឹកផ្លែដូងមកពីប្រទេសវៀតណាម ។
យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃ២១ មេសាបានឲ្យដឹងថា ក្រោយពាក់ព័ន្ធនឹងការចុះផ្សាយនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់មន្ត្រីចុះធ្វើការស្រាវជ្រាវ ដោយបានស៊ើបសួរបញ្ជាក់ពីបណ្តាសមត្ថកិច្ច អង្គភាពពាក់ព័ន្ធ អ្នកដំណើរចេញ-ចូលប្រទេស អាជីវករ និងប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន ក្នុងភូមសាស្ត្រច្រកទ្វារព្រំដែនអន្តរជាតិ ក្អមសំណ គឺជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ហើយការចុះផ្សាយនេះ អាចផ្តើមចេញពីការចង់បានផលប្រយោជន៍ របស់បុគ្គលមួយចំនួនប៉ុណ្ណោះ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានអះអាងថា ការលើកឡើងគ្មានការពិតដូចខាងលើនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលបានខិតខំបំពេញភារកិច្ចដោយយកចិត្តទុកដាក់ ក្នុងការត្រួតពិនិត្យបែបបទអ្នកដំណើរចេញ ចូលប្រទេស៕
