ព័ត៌មានជាតិ

តុលាការផ្ទេរសំណុំរឿងរបស់ឈ្មោះ សម្បត្តិ កុសល ប្តឹង ឈ្មោះចិន ស្រីដា និងទី ប្រាថ្នា ពីបទប៉ុនប៉ងសូកប៉ាន់ទៅ ACU

ភ្នំពេញ ៖ អយ្យការអមសាលាដំបូងខេត្តសៀមរាបនៅថ្ងៃ២១ មេសានេះ បានសម្រេចផ្ទេរសំណុំរឿងរបស់ឈ្មោះ សម្បត្តិ កុសល ប្តឹងឈ្មោះ ចិន ស្រីដា និងឈ្មោះ ទី ប្រាថ្នា ពីបទប៉ុនប៉ងសូកប៉ាន់ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU)ដើម្បីចាត់ការស៊ើបអង្កេតជាសមត្ថកិច្ច។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានឲ្យដឹងថាខ្លួនបានទទួលបណ្តឹងព្រហ្មទណ្ឌពីឈ្មោះ សម្បត្តិ កុសល ប្តឹងលើឈ្មោះ ចិន ស្រីដា និងឈ្មោះ ទី ប្រាថ្នា ភេទប្រុស ពីបទប៉ុនប៉ងសូកប៉ាន់ ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពី អំឡុងឆ្នាំ២០២៣។

ក្រោយពិនិត្យពាក្យបណ្ដឹង ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ឃើញថា បទល្មើសដែលឈ្មោះ សម្បត្តិ កុសល ប្តឹងចូលមកអយ្យការអមសាលាដំបូងខេត្តសៀមរាប គឺជាប្រភេទនៃបទល្មើសមួយ ក្នុងចំណោមបទល្មើសពុករលួយ ដែលជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការស៊ើបអង្កេត។ ដូច្នេះ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចផ្ទេរសំណុំរឿងជូនអង្គភាពប្រឆាំងអំពើ ពុករលួយ ជាសមត្ថកិច្ចតាមនីតិវិធីរួចហើយ ។

សូមបញ្ជាក់ថា ឈ្មោះ ចិន ស្រីដានេះ គឺជាម្ចាស់បំណុលរបស់ឈ្មោះ រាំង ភិរម្យ ហើយរាំងភិរម្យនេះមានប្តីឈ្មោះ សម្បត្តិ កុសល ជាស្នងការរងខេត្តបន្ទាយជ័យ ។ ឈ្មោះ សម្បត្តិ កុសលបានប្តឹងឈ្មោះ ចិន ស្រីដា ទៅតុលាការពីបទគំរាមកំហែងបង្ហោះសារបរិហារកេរ្តិ៍លោក ក្នុងរឿងដែលប្រពន្ធខ្លួនបានខ្ចីបំណុល អំពីការពាក់ព័ន្ធទៅនឹងការដំឡើងបុណ្យសិក្ត័៕

To Top