ព័ត៌មានជាតិ

សម្តេចតេជោ ៖ ពលរដ្ឋ ហាក់គ្មានខ្វល់ខ្វាយ​ ជុំវិញការដំឡើងពន្ធ របស់អាមេរិក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋខ្មែរ ដែលបានចូលរួមអបអរសាទរ និងលេងកម្សាន្តសប្បាយ នាថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលកន្លងមកនេះ ហាក់គ្មានខ្វល់ខ្វាយ បារម្ភពីករណីការដំឡើងពន្ធគយ ៤៩ភាគរយ ពីសំណាក់រដ្ឋបាលអាមេរិក របស់លោក ដូណាល់ ត្រាំទេ ។

ក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចតេជោ បានមានប្រសាសន៍ថា បុណ្យចូលឆ្នាំខ្មែរ២០២៥នេះ បានខុសប្លែកយ៉ាងខ្លាំង កាលពីឆ្នាំ១៩៧៥ ដោយគ្មានភាពខ្លាចអំពី បញ្ហាសង្រ្គាមអ្វីឡើយ ។

សម្តេចតេជោក៏បានសម្លឹងមើលឃើញថា សម្រាប់ចូលឆ្នាំខ្មែរឆ្នាំនេះ បានរៀបចំឡើងល្អនៅទូទាំងប្រទេស តាមរយៈការរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តដោយមានពលរដ្ឋវ័យចំណាស់ បាននាំគ្នារាំលេងសប្បាយហាក់រាំដើម្បីផ្តាំចាស់ ដោយគ្មានបានគិតខ្វល់ខ្វាយ ពីបញ្ហាពន្ធគយអ្វីនោះទេ ។

សម្តេចតេជោ ប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា “ក៏ដូចគ្មានអ្នកណាមានកង្វល់រឿង ពន្ធប៉ុន្មានភាគរយ ឬប៉ុន្មានភាគរយ ដូចជាស្ងប់ស្ងាត់ ក្នុងកាលៈទេសៈហ្នឹង លើកលែងតែពួកអ្នកវិភាគ អត់គម្រប នៅក្រៅប្រទេស ប៉ុន្តែអ្នកនៅក្នុងប្រទេស ដូចជាមិនចាប់អារម្មណ៍រឿង ពន្ធប៉ុន្មានភាគរយ ឬប៉ុន្មានភាគរយ ។ រឿងសំខាន់គឺគាត់សប្បាយរីករាយ ក្នុងឱកាសចូលឆ្នាំថ្មី ឥឡូវគាត់ត្រឡប់ចូលមកធ្វើការវិញ”។

ជាមួយគ្នាននេះដែរ សម្តេចប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ ដែលបានចូលរួមរៀបចំ និងការពារសុវត្ថិភាពនាថ្ងៃចូលឆ្នាំ ដើម្បីបង្កបរិយាកាសរីករាយ ដល់ពលរដ្ឋគ្រប់រូប ដោយគ្មានការភ័យ ខ្លាចពីបញ្ហាអ្វីឡើយ ៕

To Top