ព័ត៌មានជាតិ

តុលាការ ចាប់ផ្តើមអនុវត្ត លក់ដោយបង្ខំ និងរឹបអូសដីធ្លីរបស់លោក រ៉ុង ឈុន

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ យី សុខតូច បានសម្រេចចេញដីកា លក់ដោយបង្ខំដោយផ្ទាល់ និងរឹបអូសចំពោះអចលនវត្ថុ (ដី)មួយកន្លែង មានទីតាំងនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាកម្មសិទ្ធិរបស់លោក រ៉ុង ឈុន ។

បើតាមដីកាចេញ នាថ្ងៃ២៤ មេសានេះ ការអនុវត្តនីតិវិធីលក់ដោយបង្ខំ និងរឹបអូសអចលនវត្ថុ ដែលមានក្បាលដី ដែលជាកម្មសិទ្ធិ របស់កូនបំណុល នៃការអនុវត្តឈ្មោះ រ៉ុង ឈុនកូនបំណុលនៃការអនុវត្ត ដើម្បីសងទៅម្ចាស់បំណុលនៃការអនុវត្ត គឺគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បច្ចុប្បន្នប្តូរមកជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ។

លោក រ៉ុង ឈុន ត្រូវបង់ប្រាក់សំណង ការខូចខាតចំនួន៤០០លានរៀល ទៅរដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន ដោយសារបានញុះញង់ ឲ្យមានចលាចរពាក់ព័ន្ធ បញ្ហាព្រំដែនកម្ពុជា-វៀតណាម ។

សូមបញ្ជាក់ថា កាលពីថ្ងៃ២៣ មេសា ម្សិលមិញចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញបើកសវនាការលើលោករ៉ុង ឈុនពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម» ។

លោក រ៉ុង ឈុន អតីតមេដឹកនាំសហជីព និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ពីបទ «ញុះញង់» បន្ទាប់ពីលោកបានចុះទៅខេត្តត្បូងឃ្មុំ និងញុះញង់ឲ្យពលរដ្ឋងើបប៉ះបោរពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម ។ លោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ តែបានដោះលែងឱ្យមានសេរីភាពឡើងវិញ កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ។ លោកក៏ត្រូវតុលាការបង្គាប់ ឲ្យសងសំណងរួមគ្នា ជាមួយសកម្មជន២នាក់ផ្សេងទៀត ចំនួន៤០០លានរៀល (ប្រហែល ១០ម៉ឺនដុល្លារ) ដល់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ៕

To Top