ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអាមេរិក ពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងទីក្រុងញូដេលី អំពីការបញ្ជៀសការតម្លើងពន្ធ ការចរចាកិច្ច ព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ជាមួយទីក្រុងវ៉ាស៊ីនតោន

AFP

បរទេស៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីថ្ងៃចន្ទ ខណៈដែលទីក្រុង New Delhi សម្លឹងរកការបញ្ជៀសការតម្លើង ពន្ធរបស់អាមេរិក ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយទីក្រុងវ៉ាស៊ីនតោន និងពង្រឹងទំនាក់ទំនងជាមួយរដ្ឋបាល Trump ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យ របស់លោក Modi បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា លោក Vance ដែលកំពុងបំពេញទស្សនកិច្ចផ្ទាល់ខ្លួនរយៈពេលបួនថ្ងៃនៅប្រទេសឥណ្ឌា បានជួបជាមួយលោក Modi នៅឯគេហដ្ឋានរបស់លោក ក្នុងទីក្រុង New Delhi ហើយមេដឹកនាំទាំងពីរ “បានពិនិត្យ និងវាយតម្លៃជាវិជ្ជមាន អំពីវឌ្ឍនភាពក្នុងវិស័យផ្សេងៗ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី” ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា មេដឹកនាំទាំងពីរក៏បាន “ស្វាគមន៍ ចំពោះវឌ្ឍនភាពដ៏សំខាន់” នៅក្នុងការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរំពឹងទុករវាងប្រទេសទាំងពីរផងដែរ ។

ចំណែកសេតវិមានអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយថា លោក Vance និងលោក Modi បានកំណត់លក្ខខណ្ឌ សម្រាប់កិច្ចពិភាក្សា ដែលកំពុងបន្ត ដោយ “ដាក់ផែនទីបង្ហាញផ្លូវ សម្រាប់ការពិភាក្សាបន្ថែមទៀត” ។ វាជាសញ្ញាមួយដែលថាកិច្ចចរចា កំពុងឆ្ពោះទៅមុខ ប៉ុន្តែនៅតែឆ្ងាយ ពីការបញ្ចប់ ទោះបីជាមន្ត្រីរដ្ឋបាលលោក Trump បាននិយាយជាមួយសមភាគី របស់ពួកគេមកពីប្រទេស ឥណ្ឌាក្នុងសញ្ញា នៃកម្រិតខ្ពស់នៃការ ចូលរួមក៏ដោយ ។ រដ្ឋបាល Trump បានបង្ហាញ ពីយុទ្ធសាស្ត្រពន្ធរបស់ខ្លួនថា ជាការបង្ខំឱ្យមានការចរចា ដែលអាចកំណត់ការឈានទៅដល់ និង ឥទ្ធិពលរបស់ប្រទេសចិន ដែលជាក្រុមហ៊ុនផលិត ដ៏លេចធ្លោរបស់ពិភពលោក ។

សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ឥណ្ឌា ហើយប្រទេសទាំងពីរឥឡូវនេះ កំពុងធ្វើការចរចាក្នុងគោលបំណងបិទ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំនេះ។ ប្រទេសទាំងពីរបានកំណត់គោលដៅ ប្រកបដោយមហិច្ឆិតាលើសពីការបង្កើនពាណិជ្ជកម្មទ្វេភាគីឱ្យដល់ 500 ពាន់លានដុល្លារនៅឆ្នាំ 2030។ ប្រសិនបើសម្រេចបាន កិច្ចព្រមព្រៀងពាណិជ្ជកម្មអាចបង្កើនទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរយ៉ាងសំខាន់ និងអាចពង្រឹងទំនាក់ទំនងការទូតផងដែរ ៕
ប្រែប្រួលៈ ណៃ តុលា

To Top