បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍បានរិះគន់ដ៏កម្រចំពោះលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីដោយជំរុញឱ្យមេដឹកនាំរុស្ស៊ី “បញ្ឈប់!” បន្ទាប់ពីរុស្ស៊ីវាយប្រហារដ៏ខ្លាំងក្លាមួយលើក្រុងគៀវ រដ្ឋធានីអ៊ុយក្រែន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បាននិយាយនៅក្នុងការប្រកាសនៅលើវេទិកាសង្គម Truth របស់លោកថា “ខ្ញុំមិនសប្បាយចិត្តនឹងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគៀវ នោះទេ។ មិនចាំបាច់ទេ ហើយវាជាពេលវេលាដ៏អាក្រក់។ វ្ល៉ាឌីមៀ ឈប់! ទាហាន ៥.០០០ នាក់ក្នុងមួយសប្តាហ៍ បានស្លាប់។” “អនុញ្ញាតឱ្យកិច្ចព្រមព្រៀងសន្តិភាព ឱ្យបានរួចរាល់!”
រុស្ស៊ីបានវាយប្រហារក្រុងកៀវ ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក។ យ៉ាងហោចណាស់មនុស្ស ១២ នាក់បានស្លាប់ និង ៩០ នាក់បានរងរបួសនៅក្នុងការវាយប្រហារដ៏សាហាវបំផុតលើទីក្រុងចាប់តាំងពីខែកក្កដាឆ្នាំមុន។
ការខកចិត្តរបស់លោក Trump កំពុងតែកើនឡើង នៅពេលដែលកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីទទួលបានកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី មិនមានការរីកចម្រើន។
ការអត្ថាធិប្បាយអំពីលោក ពូទីន បានកើតឡើងបន្ទាប់ពីលោក Trump បានរិះគន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃពុធ ហើយបានចោទប្រកាន់លោក Volodymyr Zelenskyyថា បានអូសបន្លាយ “វាលពិឃាត” ដោយការបដិសេធមិនព្រមបោះបង់តំបន់គ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី ជាផ្នែកនៃកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន។ រុស្ស៊ីបានបញ្ចូលតំបន់នោះដោយខុសច្បាប់ក្នុងឆ្នាំ ២០១៤៕
ប្រែប្រួលៈ ណៃ តុលា
