បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធបានរិះគន់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដោយនិយាយថា លោក Volodymyr Zelenskyy កំពុងអូសបន្លាយ “វាលពិឃាត” បន្ទាប់ពីបានពន្យាពេលនូវការប្រគល់តំបន់គ្រីមៀទៅឱ្យប្រទេសរុស្ស៊ីដែលជាផ្នែកនៃផែនការសន្តិភាពដ៏មានសក្តានុពលមួយ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Zelenskyy កាលពីថ្ងៃអង្គារបានច្រានចោលការប្រគល់ទឹកដីឱ្យរុស្ស៊ីនៅក្នុងកិច្ចព្រមព្រៀងណាមួយ មុនពេលកិច្ចពិភាក្សាដែលបានកំណត់សម្រាប់ថ្ងៃពុធនៅទីក្រុងឡុងដ៍ ក្នុងចំណោមមន្ត្រីសហរដ្ឋអាមេរិក អឺរ៉ុប និងអ៊ុយក្រែន។ លោក Zelenskyy បាននិយាយថា “មិនមានអ្វីត្រូវនិយាយនោះទេ។ វាជាដីរបស់យើង ជាដីរបស់ប្រជាជនអ៊ុយក្រែន”។
ក្នុងអំឡុងពេលកិច្ចពិភាក្សាស្រដៀងគ្នានេះកាលពីសប្តាហ៍មុននៅទីក្រុងប៉ារីស ប្រទេសបារាំង មន្ត្រីអាមេរិកបានបង្ហាញសំណើដែលរួមបញ្ចូលការអនុញ្ញាតឱ្យរុស្ស៊ីរក្សាការគ្រប់គ្រងលើទឹកដីអ៊ុយក្រែនដែលកាន់កាប់ ជាផ្នែកនៃកិច្ចព្រមព្រៀង , នេះបើយោងតាមមន្ត្រីអឺរ៉ុបដែលដឹងអំពីបញ្ហាដែលមិនត្រូវបានអនុញ្ញាតឱ្យធ្វើអត្ថាធិប្បាយជាសាធារណៈនិងបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
លោក Trump បានហៅការពន្យាពេលរបស់លោក Zelenkyy ថា “មានគ្រោះថ្នាក់ខ្លាំងណាស់” ចំពោះការពិភាក្សា។ លោកបានសរសេរនៅលើបណ្តាញសង្គមថា “គ្មាននរណាម្នាក់ស្នើសុំឱ្យលោក Zelenskyy ទទួលស្គាល់ តំបន់គ្រីមៀ ជាទឹកដីរុស្ស៊ីទេ ប៉ុន្តែប្រសិនបើគាត់ចង់បានគ្រីមៀ, ហេតុអ្វីបានជាពួកគេមិនប្រយុទ្ធដើម្បីវាកាលពី ១១ឆ្នាំមុននៅពេលដែលវាត្រូវបានប្រគល់ឱ្យរុស្ស៊ីដោយគ្មានការបាញ់ប្រហារ?”
សូមជម្រាបថា រុស្ស៊ីបានបញ្ចូលតំបន់គ្រីមៀក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបានបញ្ជូនទ័ពទៅវាយដណ្តើមយកតំបន់នេះ។ ប៉ុន្មានសប្តាហ៍ក្រោយមក ក្រុមបំបែកខ្លួនដែលគាំទ្រដោយទីក្រុងម៉ូស្គូ បានបើកការបះបោរនៅភាគខាងកើតអ៊ុយក្រែន ដោយប្រយុទ្ធនឹងកងកម្លាំងរបស់ទីក្រុងគៀវ៕
ប្រែសម្រួលៈ ណៃ តុលា
