បរទេស៖ ក្រុមមន្ត្រីបានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌា និងបារាំង បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងតម្លៃ ៧,៤១ ពាន់លានដុល្លារ សម្រាប់យន្តហោះចម្បាំង Rafale ចំនួន ២៦ គ្រឿង។ កិច្ចព្រមព្រៀងដែលកើតឡើងចំពេលមានភាពតាន តឹងកាន់តែខ្លាំងឡើងរវាងឥណ្ឌា និងប៉ាគីស្ថានដែលនៅជិតខាងនោះ ត្រូវបានបញ្ជាក់កាលពីដើមខែនេះដោយគណៈកម្មាធិការខុទ្ទកាល័យ សន្តិសុខរបស់ទីក្រុងញូវដែលីរបស់ឥណ្ឌា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមមន្ត្រីបាននិយាយថា កិច្ចព្រមព្រៀងនេះ រួមបញ្ចូលទាំងការទិញយន្តហោះកៅអី តែមួយចំនួន ២២ គ្រឿង និងកៅអីភ្លោះ ៤គ្រឿង ជាមួយនឹងការចែកចាយគ្រោង នឹងបញ្ចប់នៅឆ្នាំ ២០៣១ ។
កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរ នូវការថែទាំ ការគាំទ្រផ្នែកដឹកជញ្ជូន និងការបណ្តុះបណ្តាលបុគ្គលិក ក៏ដូចជាការផលិតគ្រឿងបន្លាស់ ក្នុងស្រុកដែលជាផ្នែកនៃកាតព្វកិច្ចទូទាត់សង ស្របតាមគំនិតផ្តួចផ្តើម ‘Atmanirbhar Bharat’ (Make-in-India) ដែលស្រមៃដោយនាយករដ្ឋមន្ត្រី Narendra Modi ។
របាយការណ៍បាននិយាយថា យន្តហោះ Rafale ផលិតដោយក្រុមហ៊ុនបារាំង Dassault Aviation កំពុងត្រូវបាននាំចូលជាបណ្ដោះអាសន្ន ដើម្បីបំពេញតម្រូវការភ្លាមៗ របស់កងទ័ពជើងទឹក ដោយបម្រើជាវិធានការបណ្តោះអាសន្ន រហូតដល់ប្រទេសឥណ្ឌាអាចបង្កើត និងដាក់ពង្រាយយន្តហោះចម្បាំង ម៉ាស៊ីនភ្លោះផលិតក្នុងស្រុករបស់ខ្លួន ៕
ប្រែប្រួលៈ ណៃ តុលា
