បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែតBloomberg បានរាយការណ៍ថា ការនាំចេញប្រេងរបស់រុស្ស៊ី មានការកើនឡើងក្នុងរយៈ ពេលពីរសប្តាហ៍កន្លងមកនេះ។
ប្រភពដដែលបានសរសេរ ទៀតថា ខណៈជាមួយគ្នានេះគេសង្កេតឃើញថា កប៉ាល់ដឹកប្រេងជាច្រើន ដែលត្រូវបានដាក់ទណ្ឌកម្មក្រោមការគ្រប់គ្រង របស់សហរដ្ឋអាមេរិកមុន បានបន្តដឹកប្រេងឆៅពីរុស្ស៊ីឡើងវិញ ។
កន្លងមកបណ្តាប្រទេស លោកខាងលិច បានដាក់ការរឹតបន្តឹងលើនាវារុស្ស៊ី ដែលស្វែងរកការកាត់បន្ថយប្រាក់ចំណូលប្រេង របស់ទីក្រុងមូស្គូចំពេល មានជម្លោះអ៊ុយក្រែនដែលកំពុងបន្ត។
បណ្តាញផ្សព្វផ្សាយបានលើកឡើង ពីការបដិសេធរបស់ប្រធានាធិបតីអាមេរិក Donald Trump ពីការដាក់ទណ្ឌកម្មបន្ថែម ដែលជាហេតុផលដែលនាវាជាច្រើន ដែលត្រូវបានដាក់ទណ្ឌកម្មក្រោម ការដឹកនាំរបស់អតីតប្រធានាធិបតី Joe Biden បានដំណើរការឡើងវិញ។
Bloomberg ក៏បានសរសេរកាលពីថ្ងៃអង្គារដែរថា យ៉ាងហោចណាស់ នាវាចំនួន១៨ ក្នុងចំណោម៣៩ ដែលត្រូវបានចុះក្នុងបញ្ជីខ្មៅ ដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៣និង២០២៤ ឥឡូវនេះកំពុងដឹកធុង ពីកំពង់ផែរបស់រុស្ស៊ីជាទៀងទាត់ ដោយពីមុនបាននៅទំនេរ រហូតមកចាប់តាំងពីពួកគេ ត្រូវបានដាក់ទណ្ឌកម្ម៕
ប្រែសម្រួល៖ស៊ុនលី
