ម៉ិកស៊ិក៖ រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បានបង្ហាញពីយុទ្ធសាស្ត្រការពារ និងពង្រឹងឧស្សាហកម្មដែក វាយនភ័ណ្ឌ និងស្បែកជើងរបស់ប្រទេសនេះ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផែនការម៉ិកស៊ិក នៅចំពោះមុខការប្រកាសដាក់ពន្ធគយទៅវិញទៅមករបស់អាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចម៉ិកស៊ិកលោក Marcelo Ebrard បានឲ្យដឹងថា ផែនការនេះមានគោលបំណងការពារ និងជំរុញផលិតកម្ម និងការងារក្នុងស្រុក ដោយបន្ថែមថា យុទ្ធនាការ “Made in Mexico (Hecho en Mexico)” របស់ប្រទេសនេះ នឹងចាប់ផ្តើមនៅក្នុងខែមិថុនា។
ក្នុងករណីដែកថែប ក្រុមហ៊ុន ដែលចង់នាំចូលផលិតផលដែកថែប ត្រូវចុះឈ្មោះជាមួយក្រសួងសេដ្ឋកិច្ច និងផ្តល់ព័ត៌មានលម្អិតអំពីម៉ាស៊ីនកិនដែករបស់ពួកគេតាមតម្រូវការ ដោយមិនគិតពីទីតាំងរបស់ពួកគេនោះឡើយ។ លោក Ebrard បានលើកឡើងថា វិធានការទាំងនេះ ស្វែងរកការការពារអ្នកនាំចូលពីការគេចពន្ធ៕
ប្រែសម្រួល ឈូក បូរ៉ា
