បរទេស៖យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សីបាននិយាយកាលពីថ្ងៃពុធថា កងការពារប្រឆាំងយន្តហោះរុស្ស៊ីបានវាយលុកការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ុយក្រែន ដោយបានទម្លាក់គ្រាប់រ៉ូក្កែតប្រភេទ HIMARS ដែលផ្គត់ផ្គង់ដោយលោកខាងលិចចំនួន២ គ្រាប់និងយន្តហោះគ្មានមនុស្សបើកជាង៥០០គ្រឿង។
ដោយឡែកមីស៊ីលបញ្ជាពីចំងាយ Neptune ចំនួន៥គ្រាប់ និងគ្រាប់បែកទំលាក់ពីអាកាសប្រភេទ JDAM ចំនួន៦គ្រាប់ក៏ត្រូវបានបំផ្លាញដែរ។
ការវាយលុកតាមអាកាសបានកើនឡើងក្នុងគ្រាដែលបទឈប់បាញ់ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលគ្រោងនឹងចូលជាធរមានចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ៧ ដល់ ៨ ឧសភា រហូតដល់ពាក់កណ្តាលអធ្រាត្រនៅថ្ងៃទី ១០ ដល់ ១១ ឧសភា។
ទីក្រុងមូស្គូបាននិយាយថា មានបំណងជាកាយវិការមនុស្សធម៌ ដើម្បីរំលឹកខួបលើកទី៨០នៃជ័យជម្នះរបស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់ ការផ្អាករយៈពេលបីថ្ងៃក៏បើកទ្វារទៅកាន់ ការចរចាដោយផ្ទាល់ជាមួយគៀវដោយគ្មានលក្ខខណ្ឌជាមុនផងដែរ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់កាលពីថ្ងៃពុធថា ប្រទេសរុស្ស៊ីនៅតែគ្រោងនឹងផ្តល់បទឈប់បាញ់រយៈពេល៣ថ្ងៃដដែលហើយលោក Peskov បាននិយាយថា តាមរយៈការបង្កើនការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើប្រទេសរុស្ស៊ី នោះមានន័យថារបបក្រុងគៀវ នៅតែបន្តបង្ហាញពីខ្លឹមសាររបស់វា ទំនោរទៅរកសកម្មភាពភេរវកម្មដដែល៕
ប្រែសម្រួល៖ស៊ុនលី
