បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RTប្រទេសតួគីបានទទួលយកសំណើ របស់រុស្ស៊ីក្នុងការសម្របសម្រួល កិច្ចចរចាសន្តិភាព ដោយផ្ទាល់ជាមួយអ៊ុយក្រែន តាមសំណើរសុំ របស់មេដឹកនាំរុស្សី។
ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានធ្វើការឆ្លើយតបនេះ ទៅកាន់សមភាគីរុស្ស៊ីលោក Vladimir Putinក្រោយមានការស្នើសុំ ។ កន្លងមកតួគីធ្លាប់ធ្វើជាម្ចាស់ផ្ទះការចរចា រវាងទីក្រុងមូស្គូ និងគៀវក្នុងឆ្នាំ ២០២២ ដែលចុងក្រោយបានដួលរលំ បន្ទាប់ពីអ៊ុយក្រែនបានដើរចេញ។
នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃអាទិត្យ លោក Erdogan បានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍ នាពេលថ្មីៗនេះ របស់លោកពូទីន ដែលស្នើថាកិច្ចពិភាក្សារវាងរុស្ស៊ី និងអ៊ុយក្រែននឹង បន្តនៅក្នុងទីក្រុង អ៊ីស្តង់ប៊ុលពីកន្លែង ដែលពួកគេបានចាកចេញ ដោយបន្ថែមថា ទីក្រុងអង់ការ៉ា បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះការចរចា ដែលនឹងនាំឱ្យមានដំណោះស្រាយអចិន្ត្រៃយ៍ ។
វិមានក្រឹមឡាំងបានចេញមកបញ្ជាក់ ពីការសំណូមពរនេះដែរ ដោយបញ្ជាក់ថា មេដឹកនាំទាំងពីរបិតជាបានពិភាក្សា យ៉ាងលម្អិតអំពីគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីរុស្ស៊ី ដើម្បីបន្តការចរចាដោយផ្ទាល់រុស្ស៊ី-អ៊ុយក្រែន។
នៅថ្ងៃដដែលនោះ លោក Erdogan បានប្រាប់ប្រធានាធិបតីបារាំង Emmanuel Macron ថា ចំណុចរបត់ប្រវត្តិសាស្ត្រ ដើម្បីបញ្ចប់ជម្លោះត្រូវបានឈានមកដល់ ហើយថាឱកាសនេះ គួរតែត្រូវបានចាប់យក៕
ប្រែសម្រួល៖ស៊ុនលី
