បរទេស៖ យោងតាមការចេញផ្សាយរបស់ RTកិច្ចប្រជុំកំពូលដ៏សំខាន់មួយដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងរុស្ស៊ី និងពិភពប្រទេសកាន់សាសនាអ៊ីស្លាមបានបើកដំណើរការហើយនៅទីក្រុង Kazan ដោយទាក់ទាញអ្នកចូលរួមមកពីប្រទេសចំនួន១០៣។
កិច្ចប្រជុំអន្តរជាតិលើកទី១៦ឬ’Russia-Islamic World: KazanForum’ កំពុងដំណើរការចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៨ខែឧសភា នៅរដ្ឋធានីនៃសាធារណរដ្ឋ Tatarstan ភាគកណ្តាលនៃប្រទេសរុស្ស៊ី។
ដោយឡែកជំនួបសម្រាប់អាជីវកម្មនឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ដោយមានសន្និសីទច្រើនជាង១៤០និងព្រឹត្តិការណ៍ប្រហែលជា២០០ ដែលត្រូវបានគ្រោងទុកក្រោមប្រធានបទសំខាន់ ‘Digitalization and the New Reality’ នេះបើយោងតាមអ្នករៀបចំ។
នៅក្នុងសារមួយទៅកាន់អ្នកចូលរួម លោកប្រធានាធិបតី Vladrimi Putin បាននិយាយថា ប្រទេសរុស្ស៊ីនៅតែបន្ត ដោយជោគជ័យ និងជាប់លាប់ ពង្រីកទំនាក់ទំនងជាសាកលរបស់ខ្លួន បើទោះបីជា បរិយាកាសអន្តរជាតិមានការប្រកួតប្រជែងក៏ដោយ។
លើសពីនោះលោកក៏បានបន្ថែមដែរថា៖ការពិភាក្សាកាន់តែស៊ីជម្រៅ និងភាពជាដៃគូ នឹងជួយឱ្យមានប្រសិទ្ធភាពក្នុងការប្រឆាំងភេរវកម្ម ភាពជ្រុលនិយម និងការកើនឡើងនៃជម្លោះក្នុងតំបន់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
